ពានរង្វាន់ «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022) »

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ នៅអាគារការិយាល័យកណ្តាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់  «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ (BEST NEW MICROFINANCE PROVIDER CAMBODIA 2022) »  ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW (GBAF PUBLICATIONS LTD.) នៃចក្រភពអង់គ្លេស។ នេះជាឆ្នាំដំបូង និងជាមោទនភាពដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់លំដាប់អន្តរជាតិ  ដែលជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តផ្ដល់សេវាកម្មហិរញ្ញវត្ថុ និងលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ជាគ្រឹះស្ថានថ្មី បានទទួលអាជ្ញារបណ្ណពីធនាគារជាតិ នៃកម្ពុជា និងជាគ្រឹះស្ថានឈានមុខគេមួយនៅប្រទេស កម្ពុជាដែលផ្ដោតលើគុណភាពប្រតិបត្តិការសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន។ ទទឹមនេះដែរ គ្រឹះស្ថានបានដាក់នូវគោលនយោបាយដែលជាចក្ខុវិស័យ និងបេសកកម្មក្នុងការជំរុញឱ្យមានប្រសិទ្ធិភាព គុណភាព សេវាកម្មល្អ ដើម្បីធានាបានថាអតិថិជនពិតជាទទួលបាននូវការយកចិត្ដទុកដាក់ពីគ្រឹះស្ថាន។ យើងពិតជាមិនអាចទទួលបានពានរង្វាន់នេះទេប្រសិនបើមិនមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការអនុវត្តនូវគុណតម្លៃ ដើម្បីអាចរក្សាបាននូវវប្បធម៌ដ៏ល្អរបស់គ្រឹះស្ថាន។

លោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានមានប្រសាសន៍ថា៖ ខ្ញុំមានសេចក្តីរីករាយក្រៃលែងដែលគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ជី ប៊ី ម.កបានទទួលពានរង្វាន់«អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ ពីស្ថាប័នអន្តរ៣ជាតិ GLOBAL BANKING & FINANCE REVIEW » នៃចក្រភពអង់គ្លេស បន្ទាប់ពីគ្រឹះស្ថានបានបើកដំណើរការរយៈពេលជាងបីឆ្នាំមកនេះ។ គ្រឹះស្ថាននឹងបន្តផ្តល់សេវាកម្មហិរញ្ញវត្ថុ និងច្នៃប្រឌិតសេវាកម្មហិរញ្ញវត្ថុល្អៗរបស់យើងជូនដល់អតិថិជន ជាពិសេសលើកទឹកចិត្តដល់អតិថិជនក្នុងការបង្កើនទ្រព្យសម្បត្ដិ តាមរយៈការទទួលយកសេវាកម្មហិរញ្ញវត្ថុរយៈពេលវែងជាមួយគ្រឹះស្ថានយើងខ្ញុំ។

ឧកញ៉ា តាំង គួងហាវ ប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ជី ប៊ី ម.ក បានមានប្រសាសន៍ថា នេះពិតជាកិត្តិយសខ្លាំងណាស់ដែលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានទទួលពានរង្វាន់ «អ្នកផ្តល់សេវាមីក្រូហិរញ្ញវត្ថុថ្មីល្អបំផុតក្នុងប្រទេសកម្ពុជាប្រចាំឆ្នាំ២០២២ ពីស្ថាប័នអន្តរជាតិ GLOBAL BANKING & FINANCE REVIEW» នៃចក្រភពអង់គ្លេស។ សមិទ្ធផលទំាងនេះបានកើតឡើងក៏ដោយសារ មានការរួមចំណែកយ៉ាងធំធេងពីអតិថិជន សហភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ រួមទាំងការយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធនានាផងដែរ។ យើងនឹងបន្តបេសកកម្មក្នុងការអភិវឌ្ឍវិស័យសេវាកម្មហិរញ្ញវត្ថុរបស់យើងឱ្យកាន់តែល្អបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជននាពេលអនាគត៕

https://www.globalbankingandfinance.com