សារព័ត៌មានថ្មីថ្មី៖ ចាប់ពីពេលនេះទៅពលរដ្ឋដែលមានគណនីធនាគារជា«ប្រាក់រៀល» គឺអាចប្រើប្រាស់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មនានានៅសិង្ហបុរីបានយ៉ាងងាយស្រួលតាមរយៈការស្កេន RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរី បានយ៉ាងងាយស្រួល រហ័ស និងមានសុវត្ថិភាព។ ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីធនាគារជាតិប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមQR Code រវាងកម្ពុជា និង សិង្ហបុរី។
« កម្ពុជាស្តេនឃ្យូអរកូត Scan QR Code) នៅក្នុងប្រទេសសិង្ហបុរី» នេះគឺជាដំណាក់កាលទីមួយ នៃការដាក់ឱ្យដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមប្រព័ន្ធឌីជីថល QR Code រវាងកម្ពុជា និងសិង្ហបុរី។ ពិធីប្រកាសជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា នៅក្នុងឱកាសនៃព្រឹត្តិការណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៥ នាថ្ងៃទី១២ ខែវិច្ឆិកា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ។
ធនាគារជាតិបានបញ្ជាក់ថា ការដំណើរការជាផ្លូវការនូវការទូទាត់ឆ្លងដែនតាមQR Code ដំណាក់កាលទី១នេះ នឹងផ្តល់លទ្ធភាពឱ្យប្រជាជនកម្ពុជាដែលមានគណនីធនាគារជាប្រាក់រៀល អាចធ្វើប្រតិបត្តិការទូទាត់ ថ្លៃទំនិញនិងសេវា នៅពេលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ។ ប្រតិបត្តិការនេះ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីទូទាត់បាគង ឬ កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគង ដើម្បីស្កេនទូទាត់ តាម RoamQR របស់ពាណិជ្ជករ SGQR នៅទូទាំងប្រទេសសិង្ហបុរីបានប្រកបដោយភាពងាយស្រួល រហ័ស និងមានសុវត្ថិភាព។
បើតាមធនាគារជាតិ កិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែនទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរីនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងការកាត់បន្ថយតម្រូវការ ក្នុងការប្តូររូបិយប័ណ្ណក៏ដូចជាការប្រើប្រាស់ប័ណ្ណទូទាត់ ដោយផ្តល់លទ្ធភាពក្នុងការ ទូទាត់ភ្លាមៗ។ « ការណ៍នេះពិតជាចាំបាច់ណាស់ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយ និរន្តរភាពរវាងប្រទេសទាំងពីរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ធនាគារជាតិ។
គម្រោងទូទាត់ឆ្លងដែនរវាងកម្ពុជា-សិង្ហបុរីនេះ ផ្តួចផ្តើមឡើងដោយមានដៃគូសហការក្នុងវិស័យឯកជនរួមមាន ធនាគារ អេស៊ីលីដា ធនាគារហ្វីលីព និងក្រុមហ៊ុនបណ្តាញទូទាត់ Liquid Group ។ ការណ៍នេះ បានសបញ្ជាក់ពីការចូលរួមយ៉ាងសំខាន់របស់វិស័យឯកជន ក្នុងការជំរុញការតភ្ជាប់ ការទូទាត់ឆ្លងដែនជាឌីជីថល ព្រមទាំងបានរួមចំណែកគាំទ្រដល់ការសម្រេចបាននូវទស្សនវិស័យរួមក្នុងការអភិវឌ្ឍអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់អាស៊ានប្រកបដោយបរិយាបន្ន ស្របតាមចក្ខុវិស័យ វែងឆ្ងាយរបស់ធនាគារជាតិនៃកម្ពុជាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក្នុងតំបន់ប្រកបដោយនវានុវត្តន៍។
សម្រាប់ដំណាក់កាលបន្ទាប់ ប្រជាជនមកពីប្រទេសសិង្ហបុរីនឹងអាចទូទាត់ទំនិញ និងសេវាទៅកាន់ពាណិជ្ជករនៅកម្ពុជាបាន ដោយស្កេន KRQR Code តាមរយៈការប្រើប្រាស់កម្មវិធីធនាគារចល័ត។ ក្រៅពីសិង្ហបុរីហើយនោះ, ពលរដ្ឋដែលមានគណនីធនាគារជា«ប្រាក់រៀល» ក៏អាចប្រើប្រាស់ ឬទូទាត់ថ្លៃទំនិញ-សេវាកម្មនានានៅប្រទេសថៃឡាវ វៀតណាម ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង រួមទាំងបណ្តាក្នុងនិងក្រៅតំបន់មួយចំនួនទៀត។
បច្ចុប្បន្នការប្រើប្រាស់សេវាទូទាត់សងប្រាក់ឌីជីថលបន្តមាននិន្នាការ កើនឡើងយ៉ាងឆាប់រហ័ស ដោយចំនួនគណនីអីវ៉ាឡេតបានកើនដល់ ២២,៩ លានគណនី។ ហើយ ប្រតិបត្តិការនៃសេវាទូទាត់សងប្រាក់ឌីជីថលជារៀលបានកើនដល់ ២៣៥,៤ ទ្រីលានរៀល និងជាដុល្លារអាមេរិកបានកើនដល់ ១៧៧,៥ ប៊ីលានដុល្លារអាម៉េរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា៕
ប្រភព: https://thmeythmey.com