ទូរស័ព្ទមក:(+855) 23 977 778
ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី ដាក់ដំណើរការជាផ្លូវការ ការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២

យោងតាមសារព័ត៌មាន Fresh News ៖ ធនាគារជាតិ នៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី បានដាក់ឲ្យដំណើរការជាផ្លូវ ការទូទាត់ឆ្លងដែនតាម QR Code ដំណាក់កាលទី២ អនុញ្ញាតឲ្យប្រជាជនម៉ាឡេស៊ី ធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវានានាបាន តាមកម្មវិធីធនាគារចល័ត របស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូត របស់ពាណិជ្ជករកម្ពុជា។

ការទូទាត់ឆ្លងដែនតាមឃូអរកូត ដំណាក់កាលទី២រវាងកម្ពុជា និងប្រទេសម៉ាឡេស៊ី ​​​​​​​​​​​​​​​​​​​​បានរៀបចំឡើងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ក្រោមការចូលរួមរបស់លោកជំទាវបណ្ឌិត ជា សិរី  ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Dato' Seri Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី ក្នុងអំឡុងពេលនៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលតំបន់អាស៊ាន។

តាមរយៈការដាក់ឱ្យដំណើរការនេះ ប្រជាជនម៉ាឡេស៊ីដែលធ្វើដំណើរមកប្រទេសកម្ពុជា អាចធ្វើប្រតិបត្តិការទូទាត់ថ្លៃទំនិញ និងសេវាដោយប្រើប្រាស់កម្មវិធី ធនាគារចល័តរបស់គ្រឹះស្ថានហិរញ្ញវត្ថុ នៅប្រទេសម៉ាឡេស៊ី ដែលជាសមាជិកនៃគម្រោង ដើម្បីស្កេនខេអេចឃ្យូអរកូតរបស់ពាណិជ្ជករកម្ពុជា។ ចំណែកឯប្រជាជនកម្ពុជាវិញ ក៏អាចប្រើប្រាស់ប្រព័ន្ធបាគង ដើម្បីស្កេនឃូអរកួតរបស់ DuitNow នៅពេលធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីផងដែរ ចាប់តាំងពីពេលដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី១ កាលពីខែកញ្ញា ឆ្នាំ២០២៤។

ពាណិជ្ជករក្នុងស្រុកទាំងនៅប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ីជាង ៧លាននាក់ នឹងមានលទ្ធភាពក្នុងការពង្រីកទីផ្សារ បានកាន់តែទូលំទូលាយជាងមុន ដែលការណ៍នេះ នឹងផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។ អ្នកធ្វើដំណើរមកកាន់ប្រទេសទាំងពីរ អាចរីករាយជាមួយនឹងបទពិសោធន៍ នៃការទូទាត់ឆ្លងដែនដែលឆាប់រហ័ស តាមរយៈការប្រើប្រាស់កម្មវិធីទូទាត់ដែលមានភាពងាយស្រួល។

លោក Dato' Seri Abdul Rasheed Ghaffour បានថ្លែងឲ្យដឹងថា ការធ្វើសមាហរណកម្មហិរញ្ញវត្ថុឱ្យកាន់តែសម្បូរបែប ជាមួយប្រទេសជាសមាជិកអាស៊ាន កំពុងលេចចេញជារូបរាងជាបន្តបន្ទាប់ហើយ ស្របពេលដែលប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ម៉ាឡេស៊ីមានសេចក្តីសោមនស្សរីករាយ ដែលបានអភិវឌ្ឍប្រព័ន្ធទូទាត់ដែលសមទៅនឹង ទស្សនៈវិស័យក្នុងការពង្រឹង ការតភ្ជាប់ការទូទាត់ក្នុងតំបន់តាមរយៈឃូអរកូត។

លោកបានបន្ដថា អាជីវករធុនតូច និងកម្ពុជាប្រជាជនទូទៅនៃបណ្តា ប្រទេសជាសមាជិកអាស៊ាន បានត្រៀមខ្លួនទទួលយកអត្ថប្រយោជន៍ ពីប្រតិបត្តិការទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ ក្នុងនោះយើងនឹងបន្តពង្រីកវិសាលភាពនៃការតភ្ជាប់ប្រព័ន្ធទូទាត់ ឆ្លងដែនបន្ថែមទៀតជាមួយដៃ គូសហការទាំងក្នុងតំបន់និងអន្តរជាតិ ដើម្បីជំរុញការតភ្ជាប់បណ្តាញ ទូទាត់ដែលមានសុវត្ថិភាព និងប្រកបដោយបរិយាបន្ន។

លោកជំទាវបណ្ឌិត ជា សិរី  ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងថា «គម្រោងអភិវឌ្ឍន៍នេះ មិនត្រឹមតែបង្កើនភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការទូទាត់ឆ្លងដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញនូវសក្តានុពល សម្រាប់ទេសចរណ៍ តាមរយៈការផ្ដល់លទ្ធភាពឱ្យ ប្រជាជនម៉ាឡេស៊ីអាចទូទាត់យ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា, បរិយាបន្នហិរញ្ញវត្ថុ តាមរយៈការផ្សារភ្ជាប់ទំនាក់ទំនង រវាងសហគ្រាសធុនតូច និងមធ្យម និងប្រជាជនទូទៅឱ្យចូលរួមក្នុងបណ្តាញសេដ្ឋកិច្ចកាន់តែធំ និងការធ្វើសមាហរណកម្មក្នុងតំបន់ តាមរយៈការសម្រេចបាននូវទស្សនៈវិស័យរបស់អាស៊ាន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងទៅវិញទៅមករវាងសហគមន៍តាមប្រព័ន្ធឌីជីថល»

លោកជំទាវបណ្ឌិត បានបន្ដថា គំនិតផ្តួចផ្តើមដ៏សំខាន់នេះ មិនត្រឹមតែជាសមិទ្ធផលបច្ចេកទេសនោះទេ តែនេះជាស្ពានតភ្ជាប់វប្បធម៌ សេដ្ឋកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។ ការណ៍នេះ បានបញ្ជាក់ពីស្មារតីប្តេជ្ញារបស់កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីរួមចំណែកបង្កើនភាពធន់ និងបរិយាបន្ននៃកំណើនសេដ្ឋកិច្ច ដោយធានាបានថា ទោះបីជាពាណិជ្ជករប្រកបអាជីវកម្មខ្នាតតូចបំផុតនៅកម្ពុជា ឬម៉ាឡេស៊ីក៏ដោយ ក៏អាចមានលទ្ធភាព ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលជាសកលបានផងដែរ។

លោកជំទាវបណ្ឌិត បានបន្ដថា ធនាគារកណ្ដាលម៉ាឡេស៊ី និងធនាគារជាតិនៃកម្ពុជា បានខិតខំប្រឹងប្រែងធ្វើការយ៉ាងជិតស្និតជាមួយដៃគូសហការក្នុងស្រុក ដើម្បីតភ្ជាប់ការទូទាត់ឆ្លងដែនទ្វេភាគីរវាងប្រទេសទាំងពីរ។ ដៃគូសហការក្នុងការអភិវឌ្ឍការតភ្ជាប់ ការទូទាត់ឆ្លងដែនទ្វេភាគីនេះរួមមាន ធនាគារមេយប៊ែង ដែលជាធនាគារទំនាក់ទំនង និងជាធនាគារទូទាត់ ក្រុមហ៊ុនបណ្តាញទូទាត់ PayNet ជាប្រតិបត្តិករ និងគ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិកនៃប្រទេសទាំងពីរ។

ការតភា្ជប់ការទូទាត់ឆ្លងដែនតាមឃូអរកូតទ្វេភាគីនេះ ស្របតាមផែនទីមគ្គុទេសក៍ G20 សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន កិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នឹងគាំទ្រដល់ការងារជាអាទិភាព ក្នុងនាមប្រទេសម៉ាឡេស៊ីជាប្រធានអាស៊ាន ស្របទៅនឹងប្រធានបទ «បរិយាបន្ន និងនិរន្តភាព»

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ គម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) រវាងកម្ពុជា និងម៉ាឡេស៊ី ដោយក្នុងនោះធនាគារ មេឃប៊ែង ជាធនាគារសម្រាប់ប្រតិបត្តិការ។

គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ឲ្យដំណើរការ ការទូទាត់ឆ្លងដែនតាមប្រព័ន្ធ QR Code ជាមួយបណ្ដាប្រទេសនានាជាច្រើន ប្រកបដោយភាពជោគជ័យ ក្នុងនោះរួមមានថៃ វៀតណាម, កូរ៉េ ចិនជាដើម ហើយនៅថ្ងៃអនាគតនឹងមានការសហការ ជាមួយបណ្ដាប្រទេសជាច្រើនផ្សេងទៀត៕