ទូរស័ព្ទមក:(+855) 23 977 778
កម្ពុជាទទួលបានឥណទានសម្បទាន ២៥០ លានដុល្លារ ពីធនាគារ ADB សម្រាប់កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច

ស៊ីស៊ីថែមស៍៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះហត្ថលេខាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លើកិច្ចព្រមព្រៀងឥណទានសម្បទានទំហំ ២៥០ លានដុល្លារអាម៉េរិក សម្រាប់ «កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច (RISE)» ក្រោមក្របខណ្ឌ Countercyclical Support Facility (CSF)។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនាថ្ងៃទីនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ​​​​​​​​​​​​​​​​​​​​​រវាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកស្រី យ៉ាសមីន ស៊ីឌីគី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា។

បើតាមក្រសួងសេដ្ឋកិច្ច «កម្មវិធី RISE» មានគោលបំណងគាំទ្រដល់ការអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក្នុងគោលដៅបង្កើតមុខរបរ និងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដើម្បីឆ្លើយតបនឹងផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់ ដែលបណ្តាលមកពីពហុវិបត្តិ និងភាពមិនប្រាកដប្រជាខ្ពស់នៃស្ថានភាពសកល និងតំបន់ ។

«កម្មវិធី RISE» ផ្តោត លើសម្មិទ្ធិផលគន្លឹះចំនួន ៣ រួមមាន៖ ១. ការកាត់បន្ថយផលប៉ះពាល់ជាបណ្តោះអាសន្នពីការប្រែប្រួលខ្លាំងនៃថ្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច ២. ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មជូនគ្រួសារងាយរងគ្រោះ និង ៣. ការពន្លឿនអន្តរកាលបៃតង សំដៅពង្រឹងភាពធន់ និងភាពឆ្លើយតបចំពោះវិបតិ្តថាមពលជាយថាហេតុនាពេលអនាគត ។ ការទទួលបានហិរញ្ញប្បទានសម្រាប់ «កម្មវិធី RISE» ក្រោមយន្តការ CSF នាពេលនេះ មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏មានតម្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយទាន់ពេលវេលា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាកនេះ និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។

កម្ពុជា ជាប្រទេសសមាជិកទី ១ ដែលទទួលបានការគាំទ្រពី ADB លើ«កម្មវិធី RISE» នេះ ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ADB កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០២៦ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានក្នុងថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ។

លោកអគ្គបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខានាពេលនេះ ឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់អំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ, ការគាំទ្រ និងការជឿទុកចិត្តខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាពីសំណាក់ ADB ។ កម្មវិធី នេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ADB ប៉ុណ្ណោះទេ ប៉ុន្តែ ADB បានដើរតួជា «កាតាលីករ» ដ៏សំខាន់ ក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់ជួយដល់កម្ពុជា ពិសេសក្នុងកាលៈទេៈដែលកម្ពុជាត្រូវការជាក់ស្តែង និងបន្ទាន់ ដូចជា វិបត្តិទឹកជំនន់ឆ្នាំ២០០០-២០០១, វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩ នាពេលកន្លងមកជាដើម ។

ជាមួយគ្នានេះ លោក ចាង នៀនហ្សាន បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលក្នុងភាពជាម្ចាស់ និងកិច្ចខិតខំប្រឹងប្រែងរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានគិតគូរ និងដាក់ចេញនូវវិធានការយ៉ាងឆាប់រហ័ស ដោះស្រាយបញ្ហាប្រឈម សំដៅកាត់បន្ថយផលប៉ះពាល់លើជីវភាពប្រជាជន និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពធន់ និងភាពឆ្លើយតបរបស់កម្ពុជា ចំពោះវិបត្តិថាមពលជាយថាហេតុនាពេលអនាគត ។ ADB បន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា ដើម្បីធានាបាននូវកិច្ចអភិវឌ្ឍន៍ប្រកបដោយ និងចីរភាព ។

លោកអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់សម្រាប់កម្ពុជា ក្នុងដំណាក់កាលអន្តរកាល បន្ទាប់ពីការចាកចេញរបស់កម្ពុជាពីចំណាត់ ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) ដើម្បីបន្តគាំទ្រដល់ការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រភព : https://kh.cc-times.com