ទូរស័ព្ទមក:(+855) 23 977 778
កម្ពុជា-រវ៉ាន់ដា បង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នាលើប្រព័ន្ធទូទាត់ឆ្លងដែន

សារព័ត៌មានថ្មីថ្មី៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា បានសម្រេចបង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នា លើប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍។

កិច្ចសហការនេះបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារកណ្តាលទាំងពីរ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធ ទូទាត់សងប្រាក់ និងការលើកកម្ពស់ការតភ្ជាប់ផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ ដើម្បីជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍។ ​​​​​​​​​​​​​​​​​​នេះជាខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ នៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា។ ធនាគារជាតិបានបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ ក៏បានគាំទ្រដំណើរការសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈការរួមចំណែកលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាព នៃការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិកសម្រាប់ពលរដ្ឋទាំងពីរតាមរយៈប្រព័ន្ធឌីជីថល។ 

ជាងនេះទៅទៀត ធនាគារជាតិបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការដែលធ្វើឡើងក្នុង សន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃប្រទេសនិយាយភាសាបារាំងលើកទី២៩ ចាប់ពីថ្ងៃទី២៩ ដល់៣០ ខែឧសភា នៅរាជធានីភ្នំពេញ នឹងត្រូវអនុវត្តក្នុងក្របខណ្ឌនៃអនុស្សរណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការក្នុងផ្នែកផ្សេងៗនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ» រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក៕

ប្រភព: https://thmeythmey.com