ទូរស័ព្ទមក:(+855) 23 977 778
ទ្រព្យសកម្មវិស័យហិរញ្ញវត្ថុមិនមែនធនាគារ កើនដល់ជាង ៩ ពាន់លានដុល្លារ

កម្ពុជាថ្មី: ​​​​​​​ទ្រព្យសកម្មសរុប​ របស់វិស័យហិរញ្ញវត្ថុមិនមែនធនាគារ​នៅកម្ពុជា បានកើនពីជាង ៣ ពាន់លានដុល្លារ ​ក្នុងឆ្នាំ ២០២១ ​រហូតដល់ជាង ៩ ​ពាន់លានដុល្លារ ​ត្រឹមឆ្នាំ ២០២៥ ​ដែលស្មើនឹងប្រមាណជាង ១៨% ​នៃផលិតផលក្នុងស្រុកសរុប។​ នេះបើតាមប្រសាសន៍របស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម​ប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុ​​​​​​​​មិនមែនធនាគារ។

លោក អូន ព័ន្ធមុនីរ័ត្ន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ​សមិទ្ធិ​ផលអាណត្តិទី១ ​របស់អាជ្ញាធរ​សេវាហិរញ្ញវត្ថុ ​មិនមែន​ធនាគារ ​និង​សន្និសីទមូលបត្រប្រចាំឆ្នាំ ​២០២៦ ​នៅ​ថ្ងៃ​ទី ​២៩ ​កញ្ញា ​២០២៦ នៅសណ្ឋាគារសុខា។​ ចំនួន​ការងារ​ក្នុង​វិស័យ​ហិរញ្ញវត្ថុមិនមែនធនាគារ​បាន​កើនពី​ ៨ ​ពាន់នាក់ ​ក្នុង​ឆ្នាំ ​២០២១ ​រហូតដល់​ប្រមាណ ​១៦ ​ពាន់នាក់ ​ក្នុងឆ្នាំ ​២០២៥​ ពោលគឺកើនទ្វេដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា កំណើន​ទ្រព្យសកម្ម​វិស័យ​ហិរញ្ញវត្ថុ​មិនមែនធនាគារ​ ឆ្លុះបញ្ចាំងឱ្យឃើញពីការរីកលូតលាស់ ជាបន្តបន្ទាប់នៃ​វិស័យ​ហិរញ្ញវត្ថុ​មិនមែនធនាគារ ​ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ​និង​ការវិនិយោគ ព្រមទាំង​ក្នុង​ការជំរុញការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។​

​ការកើននូវចំនួន​ការងារ​ជាសញ្ញាល្អ​ ​ហើយចំណុចដែលកាន់តែប្រសើរគឺការអភិវឌ្ឍ ​និងលើក​កម្ពស់នូវចំណេះដឹង​ ជំនាញបច្ចេក​ទេស ​និងវិជ្ជាជីវៈ​ក្នុងវិស័យដ៏សំខាន់​ ដែលបានរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍទីផ្សារការងារ​ផ្នែកហិរញ្ញវត្ថុ​នៅ​កម្ពុជា។​

វិស័យហិរញ្ញវត្ថុមិនមែនធនាគារ ​បានរួមចំណែកពង្រីកការ-គាំពារសង្គម និងភាពធន់​ផ្នែកហិរញ្ញវត្ថុ ​របស់ប្រជាពលរដ្ឋ ​តាមរយៈប្រព័ន្ធសន្តិសុខសង្គម និង​ផលិតផល​ធានា​រ៉ាប់រង​, បាន​បង្កើតឱកាសវិនិយោគ ​និង​គាំទ្រការកៀរគរមូលធន ​តាមរយៈទីផ្សារមូលបត្រ, បាន​បង្កើត​ក្របខណ្ឌគតិយុត្តដ៏រឹងមាំ ​សម្រាប់ការគ្រប់គ្រងទ្រព្យ-សម្បត្តិ និង​ការរៀបចំរចនា​សម្ព័ន្ធវិនិយោគ តាមរយៈសេវាបរធនបាលកិច្ច, បានពង្រឹងគុណភាព និងភាពជឿជាក់នៃព័ត៌មានហិរញ្ញវត្ថុ, អភិបាលកិច្ចសាជីវកម្ម និងគណនេយ្យ-ភាព តាមរយៈការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម, និងបានគាំទ្រដល់តម្រូវការ ហិរញ្ញប្បទានបន្ទាន់ និងការអភិវឌ្ឍលំនៅឋានសមរម្យ តាមរយៈវិស័យអចលនវត្ថុ និងបញ្ចាំ។

ការរីកចម្រើនអស់ទាំងនេះ បានជួយបង្កើនជម្រើស និងឱកាសសម្រាប់ប្រជាពលរដ្ឋ, ម្ចាស់អាជីវកម្ម និងវិនិយោគិន, ព្រមទាំងបានរួមចំណែកពង្រឹងបរិយាកាសធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕

ប្រភព: https://www.kampucheathmey.com