ទូរស័ព្ទមក:(+855) 23 977 778
ប្រាក់រៀល ត្រូវបានក្រុមហ៊ុន Travelex ដាក់ជួញដូរនៅព្រលានយន្តហោះឆុងជីង ប្រទេសចិន

សារព័ត៌មានថ្មីៗ៖ ធុរជន រួមទាំងភ្ញៀវ​ទេ​សចរ​កម្ពុជា និង​ចិន អាច​ប្តូរ​រូបិយ​បណ្ណ​ក្នុងស្រុក ទៅជា​ប្រាក់រៀល​ខ្មែរបាន នៅ​អាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន ពីពេលនេះតទៅ។ ការណ៍នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Travelex ដែលជា​ក្រុមហ៊ុន​ប្តូរប្រាក់​បរទេស​ឈាន​មុខ​គេ ចាប់ផ្តើម​ជួញដូរ​ប្រាក់រៀល​របស់កម្ពុជាក្នុងបរិវេណព្រលានយន្តហោះឆុងជីង។  


ធនាគារជាតិ​ នៃកម្ពុជា បានសហការជាមួយក្រុមហ៊ុន Travelex ក្នុងការដាក់បញ្ចូលនូវ«ប្រាក់រៀល»នៅក្នុងតារាងជួញដូររូបិយបណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅអាកាសយានដ្ឋានអន្តរជាតិឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិ​ នៃកម្ពុជា (NBC) ដែលកិច្ចសហការនេះទទួលបានការគាំទ្រពីអាជ្ញាធរអាកាសយាន្តដ្ឋានអន្តរជាតិឆុងជីង។

 

ធនាគារជាតិ បានបញ្ជាក់ថា ៖ «ការដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសចិននេះ នឹងជួយសម្រួលឱ្យភ្ញៀវទេសចរចិនដែលធ្វើដំណើរមកកម្ពុជា និងភ្ញៀវទេសចរកម្ពុជា ធ្វើដំណើរទៅចិន គឺអាចប្តូរប្រាក់រវាងគ្នា បានងាយស្រួល និងបានរួមចំណែកជួយជំរុញភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើន។ ជាពិសេសភ្ញៀវទេសចរដែលហោះហើរដោយផ្ទាល់រវាងទីក្រុងភ្នំពេញ និងទីក្រុងឆុងជីង»។​

 

ទន្ទឹមនឹងនេះ វត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅទីក្រុងឆុងជីង ប្រទេសចិន ជាសក្ខីភាពបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរជាលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត និងការទទួលស្គាល់ប្រាក់រៀលកាន់តែទូលំទូលាយសម្រាប់ប្រាក់រៀល។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀលអស់រយៈពេលជាងពីរទសវត្សរ៍មក។

 

​អាកាសយានដ្ឋានឆុងជីង ​ជាអាកាសយានដ្ឋានទីបីហើយ ដែលក្រុមហ៊ុន Travelex សហការជាមួយធនាគារជាតិ ដាក់បញ្ចូលប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីបាន អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ​និងអាកាសយានដ្ឋាន Changi ប្រទេសសិង្ហបុរី។ ធនាគារជាតិ នឹងបន្តសិក្សាពីលទ្ធភាពក្នុងការដាក់ប្រាក់រៀលនៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀតនៅប្រទេសចិន និងនៅលើពិភពលោក។

 

គួររំលឹកថា ក្រុមហ៊ុនប្តូរប្រាក់ Travelex ​បានដាក់ជួញដូរប្រាក់រៀលនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ Haneda កាលពីថ្ងៃមេសា ឆ្នាំ២០២៤  និងដាក់ប្រាក់រៀលឱ្យជួញដូរ​ អាកាសយានដ្ឋាន Changi កាលពីថ្ងៃតុលា ឆ្នាំ២០២៤៕

ប្រភពពី៖​ https://thmeythmey.com