នៅរសៀលថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក ដឹកនាំដោយលោក ជេដ្ឋ គីមជិន នាយកប្រតិបត្តិ និងគណៈគ្រប់គ្រងបានអញ្ជើញចូលរួមក្នុងកម្មវិធីសូត្រមន្តឡើងផ្ទះគំរូរបស់ក្រុមហ៊ុន ជី ប៊ី រ៉េស៊ីដេន ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឧកញ៉ា តាំង គួងហាវ និងលោកជំទាវ អគ្គនាយកក្រុមហ៊ុន ជី ប៊ី រ៉េស៊ីដេន និងបានទទួលការប្រោះព្រំប្រសិទ្ធពរជ័យលើករាសី ពី សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លឹមហេង សម្ដេចព្រះសង្ឃនាយករងទី១ ព្រះប្រធានថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា បុរី ជី ប៊ី រ៉េស៊ីដេន ត្រូវបានសាងសង់លើផ្ទៃដីដែលគ្របដណ្តប់ចំនួន៣០(សាមសិប)ហិកតា ស្ថិតក្នុងភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា។
ក្រោមកិច្ចសហការរបស់ដៃគូទាំងពីរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានផ្តល់ប្រាក់កម្ចីទិញផ្ទះរហូតដល់១០០%នៃតម្លៃផ្ទះរបស់បុរី ជី ប៊ី រ៉េស៊ីដេន។ ការផ្តល់ជូនអតិថិជននូវទំហំទឹកប្រាក់ដ៏ពិសេសបែបនេះគឺ ដោយសារមានការជឿជាក់លើ គុណភាពសំណង់ ប្រណិតភាព ភាពស៊ីវិល័យ ហេដ្ឋារចនាសម្ព័ន្ធល្អ ជាពិសេសទីតាំងបុរីហុំព័ទ្ធទៅដោយផ្លូវរដ្ទទទឹងឋ៥០ម៉ែត្រ ផ្លូវក្រវ៉ាត់ក្រុងទី៣ ផ្លូវជាតិលេខ២ ផ្លូវរដ្ឋនៅខាងមុខបុរីមានទទឹង៥០ម៉ែត្រ ផ្លូវសម្តេចតេជោទទឹង៦០ម៉ែត្រ និងគម្រោងក្រុមហ៊ុនធំៗជាច្រើនទៀត ដែលអាចប្រកបអាជីវកម្ម និងវិនិយោគនៅតំបន់នេះ។
ដៃគូសហការទាំងពីរបាននឹងបន្តពង្រឹងកិច្ចសហការប្រតិបត្តិការអាជីវកម្មដើម្បីសម្រេចឱ្យបានតាមផែនការ និងយុទ្ធសាស្រ្ត ជាមួយផលិតផល និងសេវាកម្មយ៉ាងពេញចិត្តដល់អតិថិជនដែលមានតម្រូវការផ្នែកលំនៅដ្ឋាន តាមរយៈគម្រោងអភិវឌ្ឍលំនៅដ្ឋាននីមួយៗរបស់ក្រុមហ៊ុនដៃគូ និងគម្រោងហិរញ្ញប្បទានសម្រាប់គេហដ្ឋានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក៕