ទូរស័ព្ទមក:(+855) 23 977 778
លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត

ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​កើន​ឡើង​នៃ​ប្រជាប្រិយភាព​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ធនាគារជាតិនៃកម្ពុជា​​ បាន​អំពាវនាវ​ឱ្យ​ធនាគារ​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ និង​សេវាកម្ម​ទូទាត់​ទាំងអស់​ ​ពង្រឹង​សមត្ថភាព​របស់​ពួកគេ​ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ពង្រឹង​យន្ត​ការ​គាំទ្រ​អតិថិជន​សម្រាប់​ការ​ដោះស្រាយ​ការ​ក្លែង​បន្លំ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​។​ លោកជំទាវ ជា សិរី ​អគ្គទេសាភិបាល​ធនាគារជាតិនៃកម្ពុជា​ ​បាន​ធ្វើការ​អំពាវនាវ​នេះ​ ​ក្នុង​ពិធី​បើក​ការ​ត្រួតពិនិត្យ​ស្ថិរភាព​ហិរញ្ញវត្ថុ​ឆ្នាំ​២​០​២​៣​ ​កាលពី​ថ្ងៃចន្ទ​។​

​ទិដ្ឋភាព​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​របស់​ប្រទេស​កម្ពុជា​បាន​រីក​ចម្រើន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ ទោះជាយ៉ាងណាក៏ដោយ​ ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នេះ​ ​ត្រូវការ​វិធានការ​សន្តិសុខ​ដ៏​រឹង​មាំ​ដើម្បី​ការពារ​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​និង​អ្នកប្រើប្រាស់​។​

​លោកជំទាវទេសាភិបាល​ ​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការ​ដោះស្រាយ​កង្វល់​របស់​អតិថិជន​ទាក់ទង​នឹង​ការ​ក្លែង​បន្លំ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ដោយ​ជំរុញ​ឱ្យ​ធនាគារ​ ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្តល់​ដំណោះស្រាយ​ដល់​អតិថិជន​ទាន់ពេល​វេលា​ប្រកបដោយ​យុត្តិធម៌​។​ លោកជំទាវក៏បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ផ្តល់​ការអប់រំ​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ប្រកបដោយ​ការទទួលខុសត្រូវ​ ​ និង​ជៀសវាង​ការ​ធ្លាក់ខ្លួន​ជា​ជនរងគ្រោះ​នៃ​គម្រោង​បោកប្រាស់​ហិរញ្ញវត្ថុ​។​

​លោកជំទាវ ជា សិរី ​បាន​មានប្រសាសន៍ថា​ “​ថ្មីៗ​នេះ​ ​យើង​បាន​កត់​សម្គាល់​ឃើញ​ថា​មានការ​ក្លែង​បន្លំ​ហិរញ្ញវត្ថុ​ជាច្រើន​នៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថល​ ​ដូច្នេះ​ធនាគារ​ ​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​គួរតែ​បន្ត​យកចិត្តទុកដាក់​ចំពោះ​កង្វល់​ដែល​បាន​លើកឡើង​នេះ​”​។​

​យុវជន​មួយ​ចំនួន​ធំ​ ​រួមចំណែក​ក្នុង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​នៃ​ស្មា​ត​ហ្វូ​ន​ ​និង​ការប្រើប្រាស់​អ៊ី​ន​ធឺ​ណែ​ត​ ​ដែល​បាន​ប្រែក្លាយ​កម្ពុជា​ពី​ការពឹងផ្អែក​ខ្លាំង​លើ​ប្រតិបត្តិការ​ដោយ​ប្រើ​ក្រ​ដាស់​ប្រាក់​ ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ដែល​មិន​ប្រើ​ក្រ​ដាស់​ប្រាក់​។​

​ចំនួន​ប្រតិបត្តិការ​ទូទាត់​ឌី​ជី​ថល​សរុប​បាន​កើន​ឡើង​ ​៥​៩​,​៨​ ​ភាគរយ​ ​ដល់​ ​១​,​៨​ ​ពាន់​លាន​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២​០​២​៣​។​

​ពាក់ព័ន្ធ​នឹង​ទំហំ​ ​ចំនួន​ទឹកប្រាក់​សរុប​នៃ​ការ​ទូទាត់​តាម​ឌី​ជី​ថល​ ​មាន​ចំនួន​ ​៤​៩​១​,​៨​ ​ពាន់​លាន​ដុល្លារ​ ​កើន​ឡើង​ ​២​៤​,​២​ ​ភាគរយ​ ​ស្មើនឹង​ជិត​ ​១​២​ ​ដង​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (​G​D​P​) ​របស់​ប្រទេស​។​

​លោក​ ​រ័ត្ន ​សោ​ភ័ណ្ឌ ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ​ ​មេ​យ​ប៊ែ​ង​ (ខេ​ម​បូ​ឌា) ​ភី​អិ​ល​ស៊ី​ ​មានប្រសាសន៍ថា​ ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិនៃកម្ពុជា​ ​ដែល​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ពង្រឹង​សន្តិសុខ​នៃ​ការ​ទូទាត់​តាម​ប្រព័ន្ធ​ឌី​ជី​ថល​។​

​លោក​បាន​មានប្រសាសន៍ថា​ “​យើង​ប្តេជ្ញា​ធ្វើការ​សហការ​ជាមួយ​សមាជិក​ដើម្បី​ចែករំលែក​ឧ​ត្តម្មានុ​វត្ត​ ​ជំរុញ​ការផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ការ​គំរាមកំហែង​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​និង​សម្របសម្រួល​ការ​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​” ​។​

​លោក​ ​សោ​ភ័ណ្ឌ ​បាន​មានប្រសាសន៍ថា​ ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការយល់​ដឹង​ជា​សាធារណៈ​ស្តីពី​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក៏​ស្ថិត​ក្នុង​របៀបវារៈ​ដែល​សមាជិក​ ​សមាគម​ធនាគារ​នៅ​កម្ពុជា​ ​សហការ​រួមគ្នា​ក្នុង​ការ​បង្កើន​ការអប់រំ​ដល់​សាធារណៈ​ជន​ ​អំពី​ការ​អនុវត្ត​ផ្នែក​ហិរញ្ញវត្ថុ​ប្រកបដោយ​ការទទួលខុសត្រូវ​។​

ប្រភពពី: ​លោកស្រី​ ​ជា​ ​សិរី​ ​អំពាវនាវ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ - Khmer Times (khmertimeskh.com)