ទូរស័ព្ទមក:(+855) 23 977 778
៣ខែដើមឆ្នាំ២០២៦៖ បំណុលរបស់កម្ពុជាកើនឡើងដល់ ១៣.៣០ពាន់លានដុល្លារ

សារព័ត៌មានRFI៖ គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំ២០២៦ កម្ពុជាបានជាប់ជំពាក់បំណុលសាធារណៈទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ១៣,៣០ពាន់លានដុល្លារ។ នេះបើយោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលចេញផ្សាយនៅថ្ងៃទី៣ មិថុនា និងថា ចិនជាម្ចាស់បំណុលធំរបស់កម្ពុជាដែលមានទំហំសរុបជាង ៣.៩ពាន់លានដុល្លារ។ តែយ៉ាងណា ទំហំបំណុលដែលកំពុងកើនឡើងជាបន្តបន្ទាប់នេះត្រូវបាន​​​​​​​​​​ក្រសួងសេដ្ឋកិច្ច​​​​​​​​​វាយតម្លៃថា មានកម្រិតហានិភ័យទាប ​​​​​​​​​​​​​​​​​​​​​​​​​​​និងបន្តរក្សាបាននូវចីរភាព។

ក្នុងទំហំបំណុលសរុប ១៣,៣០ពាន់លានដុល្លារ ក្រសួងសេដ្ឋកិច្ចបានឱ្យដឹងថា បំណុលចំនួន ៩៦% ឬស្មើទឹកប្រាក់ប្រ​​មាណ ១២,៧០ពាន់លានដុល្លារ ជាបំណុលក្រៅប្រទេស ខណៈ ៤%ទៀត ឬស្នើទឹកប្រាក់ប្រមាណ ៥៩៦លានដុល្លារ ជាបំណុលក្នុងស្រុក។ ជាការកត់សម្គាល់ ក្នុងចំណោមបំណុលសាធារណៈក្រៅប្រទេសដែលកម្ពុជាជំពាក់ជាលក្ខណៈទ្វេភាគី គឺចិននៅតែជាម្ចាស់បំណុលធំ ដោយគិតជាទឹកប្រាក់ប្រមាណ៣,៩ពាន់លានដុល្លារ។

យោងតាមព្រឹត្តិបត្រសិ្ថតិបំណុលសាធារណៈកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្ពុជាក៏បានទូទាត់សងបំណុលទាំងក្នុង និងក្រៅប្រទេសសរុបប្រមាណ ២៨០លានដុល្លារដែរ។ ក្នុងនោះកម្ពុជាបានទូទាត់បំណុលក្រៅប្រទេសទាំងដើម ទាំងការ និងកម្រៃផ្សេងៗសរុបប្រមាណ ២៥៧,៥៣លានដុល្លារ។ រីឯ ការទូទាត់សងបំណុលក្នុងប្រទេសវិញ មានចំនួនប្រមាណ ២៣លានដុល្លារ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច ទទួលស្គាល់ថា ទំហំបំណុលបច្ចុប្បន្នរបស់កម្ពុជា គឺស្ថិតក្នុងកម្រិតទាបបើធៀបនឹងផលិតផលក្នុងស្រុកសរុប។ ប៉ុន្តែលោកស្នើឱ្យការប្រើប្រាស់កម្ចីទាំងអស់នោះត្រូវមានតម្លាភាព និងមានយន្តការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។ អ្នកជំនាញរូបនេះបន្ថែមថា សម្រាប់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ឬធនាគារពិភពលោក កម្ពុជាពុំគួរឱ្យព្រួយបារម្ភនោះទេ។ តែអ្វីដែលបារម្ភនោះ គឺកម្ចីទ្វេភាគីពីបរទេស ពិសេសកម្ចីពីប្រទេសចិន។

សូមរម្លឹកថា គិតត្រឹមដំណាច់ឆ្នាំ ២០២៥ បំណុលសាធារណៈរបស់កម្ពុជាមានចំនួន ១៣,០៥ពាន់លានដុល្លារ។ ជាទូទៅ កម្ពុជាខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍លក្ខណៈទ្វេភាគី និងពហុភាគី។ លក្ខណៈទ្វេភាគី គឺកម្ពុជាខ្ចីបំណុលពីសមាជិកក្លឹបប៉ារីស និងមិនមែនសមាជិកក្លឹបប៉ារីស ខណៈពហុភាគីវិញ កម្ពុជាខ្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម៕

ប្រភព: https://www.rfi.fr