សារព័ត៌មានកម្ពុជាថ្មី៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួង កសិកម្ម បានគូសបញ្ជាក់ឱ្យដឹងថា ធនាគារចំនួន២ បាននិងកំពុងរួមគ្នាជាមួយក្រសួងកសិកម្ម ដើម្បីត្រៀមកញ្ចប់ថវិកាពិសេសផ្តល់កម្ចីឥណទានការប្រាក់ទាប ដល់សហគមន៍កសិកម្មទំនើប។
នៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ លោក ឃឹម ហ្វីណង់ បានលើកឡើងថា ធនាគារ ARDB និងធនាគារ FTB រួមគ្នាជាមួយក្រសួងកសិកម្ម ដើម្បីត្រៀមកញ្ចប់ថវិកាពិសេសសម្រាប់ផ្តល់កម្ចីឥណទានការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប ដោយមានការធានាឥណទានពី CGCC។
លោកបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដ៏មានអត្ថន័យនេះត្រូវបានរៀបចំឡើងតាមរយៈអនុស្សរណៈនៃការយោគយល់គ្នា(MoU) ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ឌិត ទីណា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នេះ។
យ៉ាងណា តាមរយៈការផ្តល់នូវកម្ចីឥណទាននេះនឹងជួយបង្កើនល្បឿនដល់ការពង្រីកវិសាលភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាព និងបើកផ្លូវឱ្យសហគមន៍កសិកម្មទំនើបអាចមានទុនគ្រប់គ្រាន់ក្នុងការគាំទ្រដល់ប្រតិបត្តិការរបស់ខ្លួនបានពេញលេញ។
អ្នកនាំពាក្យរូបនេះ បន្ថែមថា តាមផែនការគ្រោងទុក យើងនឹងត្រូវការទុនក្រោមរូបភាពជាកម្ចីការប្រាក់ទាបយ៉ាងហោចណាស់ ៥០ លានដុល្លារ នៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់កម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប ហើយរហូតមកដល់ពេលនេះ មានធនាគារដៃគូចំនួន ៣ រួចហើយ ដែលកំពុងគាំទ្រដល់សហគមន៍កសិកម្មទំនើប ស្របពេលដែលធនាគារឯកជនចំនួន ២ ផ្សេងទៀត កំពុងស្ថិតនៅក្នុងដំណាក់កាលរៀបចំគាំទ្របន្ថែមទៀតផងដែរ៕