លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់ លើកទឹកចិត្តអាជីវកររបស់ខ្លួន បើកគណនីជាប្រាក់រៀល និងធ្វើការទូទាត់ជាប្រាក់រៀល ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធនេះ ខណៈអ្នកដែលមានគណនីជាប្រាក់រៀល មានភាពងាយស្រួល និងអាចទូទាត់ប្រាក់តាម QR Code នៅជុំវិញពិភពលោក។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន AliPay Connect Pte. Ltd នាពេលថ្មីៗនេះ បានចុះអនុស្សរណៈយោគយល់ស្តីពី «កិច្ចសហប្រតិបត្តិការ ទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត» ដោយអនុញ្ញាតដល់អ្នកដែលមានគណនីជាប្រាក់រៀល អាចទូទាត់ប្រាក់ជាមួយអាជីវករ ដែលមានប្រព័ន្ធ Alipay ចំនួន៨៣លានអាជីវករនៅទូទាំងសកលលោក។ ពិធីចុះហត្ថលេខារៀបចំឡើងក្រោម ការចូលរួមពីលោកបណ្ឌិត ជា សិរី និងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី។
អនុស្សរណៈយោគយល់នេះ មានគោលបំណងលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន តាមរយៈ QR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញ QR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគង អាចធ្វើការទូទាត់ជាមួយ អាជីវករដែលមានប្រព័ន្ធ Alipay ចំនួន៨៣លានអាជីវករនៅទូទាំងសកលលោក។ ដូចគ្នានេះភ្ញៀវទេសចរអន្តរជាតិ មកទស្សនានៅកម្ពុជា ក៏អាចធ្វើការទូទាត់តាមរយៈប្រព័ន្ធ KHQR ដោយងាយស្រួល និងទទួលបានបទពិសោធន៍ ក្នុងការទូទាត់នៅកម្ពុជាដែលល្អជាងមុន សំដៅរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ឱ្យកាន់តែប្រសើរឡើងថែមទៀត។
សូមជម្រាបថា ដើម្បីអាចទូទាត់ប្រាក់ AliPay បានលុះត្រាតែអាជីវករកម្ពុជា ត្រូវមានគណនីជាប្រាក់រៀល និងទទួលយកប្រាក់រៀល។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា បានទទួលជោគជ័យ ក្នុងការដាក់ដំណើរការជាផ្លូវការ ការទូទាត់ទាត់ឆ្លងដែន តាមរយៈ QR Code រវាងកម្ពុជា និងថៃ ដោយដំណាក់កាលដំបូង អនុញ្ញាតឲ្យប្រជាជនកម្ពុជាអាចស្កេនឃ្យូអរកូត នៅប្រទេសថៃ និងដំណាក់កាលទី២នេះ ប្រជាជនថៃអាចស្កេនឃ្យូអរកូតនៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា ក៏គ្រោងនឹងសហការទូទាត់តាមប្រព័ន្ធ QR Code ជាមួយបណ្ដាប្រទេសផ្សេងៗដូចជា ឡាវ, ចិន, ឥណ្ឌា និងវៀតណាម ដើម្បីផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពដល់អ្នកប្រើប្រាស់៕
ប្រភពពី៖ https://m.freshnewsasia.com