សារព័ត៌មានថ្មីថ្មី៖ធនាគារអេស៊ីលីដា ត្រៀមលុបបំណុលប្រមាណ៣២លានដុល្លារអាម៉េរិកដល់យោធិនពលី ពិការ និងរបួសនៅសមរភូមិមុខដែលជាអតិថិជនរបស់ខ្លួន។ ធនាគារក្នុងស្រុកមួយនេះ ក៏ពន្យារពេលការសងត្រឡប់របស់អតិថិជនជាពលរដ្ឋភៀសសឹកក្នុងទំហំទឹកប្រាក់៧០លានដុល្លារផងដែរ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា។
អេស៊ីលីដាមាន២៥សាខា-ការិយាល័យដែលស្ថិតនៅខេត្តទាំង៧របស់កម្ពុជាជាប់ព្រំដែនប្រទេសថៃ ដោយមានអតិថិជន៥,២ម៉ឺននាក់។ ការិយាល័យអេស៊ីលីដាទាំង២៥នេះ គឺមានទំហំកម្ចីពីអតិថិជនប្រមាណ៧០០លានដុល្លារ និងប្រាក់បញ្ញើមានប្រមាណ៥០០លានដុល្លារពីអតិថិជន៣២ម៉ឺននាក់។
ដើម្បីចូលរួមជាមួយរដ្ឋាភិបាល ជាពិសេសអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិ ក្នុងការអនុគ្រោះដល់អតិថិជន ដែលជាយោធិនប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ធនាគារអេស៊ីលីដា គឺបានត្រៀមលុបបំណុលចេញពីបញ្ជីដល់កងទ័ព(ស្លាប់ ពិការ និងរបួស នៅសមរភូមិមុខ)ប្រមាណ៣២លានដុល្លារ និងប្រមាណ៧០លានដុល្លារទៀត ត្រូវពន្យារការសងត្រឡប់ដល់ជនភៀសសឹក ដែលជាអតិថិជនរបស់ធនាគារអេស៊ីលីដា។
« នេះ គឺជាសមានចិត្តរបស់យើងក្នុងការគាំទ្រដល់កងទ័ពយើងដែលនៅជួរមុខការពារទឹកដីពីសត្រូវ និងជួយសម្រាលបន្ទុកជនភៀសឹកយើងដែលរងគ្រោះពីឈ្លានពានរបស់យោធាថៃ។ យើងទទួលធើ្វដោយរីករាយ ព្រោះយើងយល់អំពីការលំបាករបស់ពួកគាត់ ក៏ដូចជាអ្នករួមខ្ចីរបស់ពួកគាត់ ដូចជា៖ ប្រពន្ធ កូន ឪពុក-ម្តាយរបស់កងទ័ពជាដើម។ យើងចូលរួមជួយពួកគាត់។»។ លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងបែបនេះក្នុងសន្នីសិទកាសែតនារសៀលថ្ងៃទី១៦ ខែធ្នូ ដែលអះអាងថា ធនាគារអេស៊ីលីដាបានត្រៀម និងវាយតម្លៃរួចជាសម្រេចពីទំហំប៉ះពាល់របស់ខ្លួនចំពោះអតិថិជនដែលរងគ្រោះពីការឈ្លានពានរបស់យោធាថៃ។
បើតាមប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ដំណាក់កាលទី១ដែលយោធាថៃបានឈ្លានពានទឹកដីកម្ពុជាកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ គឺទំហំតូចជាងនាពេលបច្ចុប្បន្ននេះឆ្ងាយណាស់។ លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា នៅដំណាក់កាលនោះ ក្នុងចំណោមការិយាទាំង២៥របស់អេស៊ីលីដាដែលស្ថិតនៅខេត្តជាប់ព្រំដែនប្រទេសថៃ គឺមានតែ៩ការិយាល័យប៉ុណ្ណោះដែលរងផលប៉ះពាល់។ ប៉ុន្តែការឈ្លានពានសារជាថ្មីរបស់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជាចាប់តាំងពីថ្ងៃទី៧ ខែធ្នូ មកទល់សព្វថ្ងៃ គឺបានធ្វើឱ្យការិយាល័យទាំង២៥នោះរងប៉ះពាល់ទាំងអស់។
លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជក់បន្ថែមថា ក្នុងដំណាក់ទី១ដែលកម្ពុជារងគ្រោះពីការឈា្លនពានរបស់យោធាថៃ ធនាគារ អេស៊ីលីដា បានលុបចោលបំណុលចំនួន៤,២លានដុល្លារ ដល់កងទ័ពខ្មែរពលី និងរបួស ប្រយុទ្ធនៅសមរភូមិមុខ។
ធនាគារ អេស៊ីលីដា មានសាខា-ការិយាចំនួន ២៦៥កន្លែង នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៥ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មភាព ១,៦ពាន់លានដុល្លារអាម៉េរិក ក្នុងនោះ ទំហំឥណទានពីអតិថិជនមានប្រមាណ ៧ ២០០លានដុល្លារ និងប្រាក់បញ្ជើមានជាង ៩ ០០០លានដុល្លារ។
ក្រៅពីចូលរួមលុបបំណុលដល់កងទ័ពពលី និងរបួស រួមទាំងពន្យារពេលការសងដល់ពលរដ្ឋភៀសសឹកហើយនោះ ធនាគារ អេស៊ីលីដា ក៏បានចូលរួមមូលធិនិមនុស្សដល់ពលរដ្ឋភៀសសឹកថែមទៀតផងដែរ។ ក្នុងនោះ ធនាគារ អេស៊ីលីដា បានផ្តល់អង្ករ៥០តោនដល់សាលារាជធានីភ្នំពេញ, ថវិកា២០០លានរៀលជួយជនភៀសសឹកតាមរយៈព្រឹទ្ធសភាកម្ពុជា និង១០០លានរៀលទៀតជួយដល់កុមារភៀសសឹកតាមរយៈក្រសួងអប់រំ យុវជន និងកីឡា។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែធ្ន ឆ្នាំ២០២៥ ធនាគារជាតិ នៃកម្ពុជា ណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់បន្តអនុគ្រោះដល់អតិថិជន ដែលជាយោធិនប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ និងជនភៀសសឹកពីការឈ្លានពានរបស់យោធាថៃ។ ពិសេស គឺលុបបំណុល៨០លានរៀល (ប្រមាណ២០ ០០០ដុល្លារ) ចំពោះយោធិនពលី និងលុបបំណុល ១០លានរៀល(ប្រមាណ២៥០០លានដុល្លារ)ចំពោះយោធិនពិការ។
ជាមួយគ្នានេះ ធនាគារជាតិ ក៏បានណែនាំឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់លើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន រួមទាំងលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម ដល់អតិថិជនជាយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ រហូតថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ សម្រាប់ពលរដ្ឋភៀសសឹកវិញ, ការលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន លើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម គឺត្រូវធ្វើ រហូតដល់ដាច់ខែមីនា ឆ្នាំ២០២៦។
ធនាគារជាតិបានបញ្ជាក់ក្នុងសេចក្តីណែនាំរបស់ខ្លួនយ៉ាងដូច្នេះ ៖ « ចំពោះការលើកលែងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មិនត្រូវធ្វើមូលធនកម្មប្រាក់លើប្រាក់ដើមនោះទេ។»
ប្រភព:https://thmeythmey.com
ប្រភពវីដេអូ:https://www.youtube.com/freshnews