ថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក និងក្រុមហ៊ុនមរកតតិចណូឡូជី(Morakot Technology Co., Ltd) បានបើកកម្មវិធីដាក់បញ្ចូលប្រព័ន្ធគណនេយ្យស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យម (CIFRS for SMEs) ចូលទៅក្នុងប្រព័ន្ធធនាគារស្នូល (ដំណើការស្វ័យប្រវត្តិ) របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។ ការដាក់បញ្ចូលប្រព័ន្ធគណនេយ្យស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់សហគ្រាសធនតូច និងមធ្យមនេះ គឺដើម្បីរួមចំណែកជួយពង្រឹងដល់តម្លាភាពនៃរបាយការណ៍ហិរញ្ញវត្ថុជាអន្តរជាតិ និងផ្ដល់ជាបទដ្ឋានមួយច្បាស់លាស់សម្រាប់ការអនុវត្ដប្រព័ន្ធគ្រប់គ្រងគណនេយ្យ ដោយផ្ដល់ភាពងាយស្រួល និងមានទំនុកចិត្តសម្រាប់ក្រុមហ៊ុន សហគ្រាស វិនិយោគិន និងអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងអស់។
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគណនេយ្យ
(NAC) នៃក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងលេខ
០៩៧/០៩ ស.ហ.វ-ក.ជ.គ
ស្ដីពីការដាក់ឱ្យប្រើស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា
(CIFRS) និងស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្ដរជាតិនៃកម្ពុជាសម្រាប់សហគ្រាសធុនតូច
និងមធ្យម (CIFRS for SMEs) ចុះពីថ្ងៃទី
២៨ ខែ សីហា ឆ្នាំ ២០០៩ និងលិខិតលេខធ៧-០២០-១៦៣២ ឆ.ត ចុះពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០
ចេញដោយធនាគារជាតិ នៃកម្ពុជា ដើម្បីអនុវត្តន៍ជាគោលការណ៍។