សារព័ត៌មានថ្មីថ្មី៖ សមតុល្យឥណទានអាជីវកម្មខ្នាតតូចរបស់កម្ពុជាបានឈានដល់៣៦,១៨ ពាន់លានដុល្លារនៅចុងត្រីមាសទី ៣ ឆ្នាំ ២០២៥ ដែលឆ្លុះបញ្ចាំងពីចំនួនសរុបនៃប្រាក់កម្ចីដែលនៅសេសសល់ក្នុងទីផ្សារឥណទានរបស់កម្ពុជានេះបើយោងតាមរបាយការណ៍របស់ការិយាល័យឥណទានកម្ពុជា (CBC) ដែលចេញផ្សាយកាលពីម្សិលមិញ។
របាយការណ៍ឥណទានត្រីមាសរបស់ CBC បង្ហាញថា ឥណទានអាជីវកម្មខ្នាតតូចបានកត់ត្រាលទ្ធផលចម្រុះ ដោយចំនួនគណនីប្រាក់កម្ចីធ្លាក់ចុះបន្តិច ខណៈដែលសមតុល្យប្រាក់កម្ចីសរុបបន្តកើនឡើង។ គុណភាពប្រាក់កម្ចីនៅតែមានស្ថិរភាព ហើយតម្រូវការឥណទានបានកើនឡើងក្នុងអំឡុងពេលនោះ។
យោងតាមរបាយការណ៍ ការដាក់ពាក្យសុំឥណទានអាជីវកម្មខ្នាតតូចបានកើនឡើង ៤,៥ ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសមុន ដែលភាគច្រើនត្រូវបានជំរុញដោយការកើនឡើងនៃហិរញ្ញប្បទានទ្រព្យសកម្ម និងពាក្យសុំប្រាក់កម្ចីដើមទុនបង្វិល។ ការដាក់ពាក្យសុំហិរញ្ញប្បទានទ្រព្យសកម្មបានកើនឡើង ២៦.៤ ភាគរយ ហើយការដាក់ពាក្យសុំដើមទុនបង្វិលបានកើនឡើង ១២.២ ភាគរយ ខណៈដែលប្រភេទប្រាក់កម្ចី “ផ្សេងទៀត” បានធ្លាក់ចុះ ៤.៨ ភាគរយ។ ការដាក់ពាក្យសុំឥណទានសំណង់ថយចុះ ៧.២ ភាគរយ និងកសិកម្មធ្លាក់ចុះ ២៣.១ ភាគរយ។
របាយការណ៍នេះបានបញ្ជាក់ថា តំបន់ខ្ពង់រាបមានកំណើនខ្ពស់បំផុត ដោយមានការដាក់ពាក្យសុំហិរញ្ញប្បទានកើនឡើង ៣៨.៧ ភាគរយ និងដាក់ពាក្យសុំដើមទុនបង្វិលកើនឡើង ១៨.៥ ភាគរយ។ ផ្ទុយទៅវិញ ការធ្លាក់ចុះច្រើនបំផុតត្រូវបានគេមើលឃើញនៅតំបន់ទន្លេសាប ដែលការដាក់ពាក្យសុំ “ផ្សេងទៀត” បានធ្លាក់ចុះ ១៩.៧ ភាគរយ និងពាក្យសុំឥណទានសំណង់ធ្លាក់ចុះ ៣៧.៩ ភាគរយ។ ការដាក់ពាក្យសុំឥណទានកសិកម្មបានធ្លាក់ចុះច្រើនបំផុតនៅក្នុងតំបន់ខ្ពង់រាបចំនួន ៤២.៦ ភាគរយ។
ទាក់ទងនឹងចំនួនប្រាក់កម្ចី ការដាក់ពាក្យសុំឥណទានគ្រប់ប្រភេទបានកើនឡើង ១១.៨ ភាគរយ។ ការកើនឡើងនេះភាគច្រើនត្រូវបានគាំទ្រដោយកម្មវិធីហិរញ្ញប្បទានទ្រព្យសកម្ម ដែលបានកើនឡើង ៣២.៣ ភាគរយ បន្ទាប់មកគឺកសិកម្មនៅ ១៦.៥ ភាគរយ និងដើមទុនបង្វិល ១៨.៨ ភាគរយ។ ទន្ទឹមនឹងនេះដែរ ការសុំឥណទានលើវិស័យសំណង់ និងវិស័យផ្សេងៗទៀតបានធ្លាក់ចុះ ៣៩,៦ ភាគរយ និង ៣,៩ ភាគរយរៀងៗខ្លួន។
របាយការណ៍របស់ CBC បានកត់សម្គាល់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ចំនួនសរុបនៃគណនីប្រាក់កម្ចីអាជីវកម្មខ្នាតតូចមានចំនួន ១,៧៨ លាន ធ្លាក់ចុះបន្តិចបន្តួច ០,៦ ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសមុន។ ទោះបីជាយ៉ាងនេះក្តី សមតុល្យប្រាក់កម្ចីសរុបបានកើនឡើង ១,៨ ភាគរយ ឈានដល់ ៣៦,១៨ ពាន់លានដុល្លារ។
ប្រាក់កម្ចីដើមទុនបង្វិលមានចំនួន ៥២,៣ ភាគរយនៃគណនីប្រាក់កម្ចីសរុប តំណាងឱ្យ ៦៦,១ ភាគរយនៃសមតុល្យប្រាក់កម្ចីសរុប។ ប្រាក់កម្ចីកសិកម្មមានចំនួន ២៩,១ ភាគរយនៃគណនី ប៉ុន្តែមានតែ ១០,៤ ភាគរយនៃចំនួនទឹកប្រាក់ដែលនៅសល់ប៉ុណ្ណោះ។ ប្រាក់កម្ចីហិរញ្ញប្បទានទ្រព្យសកម្មមានចំនួន ៧,៥ ភាគរយ ខណៈដែលប្រាក់កម្ចីសំណង់នៅតែមានតិចតួចបំផុតចំនួន ១,៤ ភាគរយ។ ទិន្នន័យតំបន់បានបង្ហាញថា តំបន់ឆ្នេរសមុទ្រ និងតំបន់វាលទំនាបបានឃើញកំណើននៃសមតុល្យប្រាក់កម្ចី ១,៤ ភាគរយ និង ២,៧ ភាគរយរៀងៗខ្លួន។ ផ្ទុយទៅវិញ ការថយចុះបន្តិចបន្តួចត្រូវបានកត់ត្រានៅក្នុងតំបន់ទន្លេសាប និងខ្ពង់រាបនៅ ០,៣ ភាគរយ និង ១,០ ភាគរយ។
ទាក់ទងនឹងគុណភាពឥណទាន របាយការណ៍បានបញ្ជាក់ថា សមាមាត្រនៃការទូទាត់យឺតយ៉ាវ៩០ ថ្ងៃ (90+ DPD) នៅតែមានស្ថិរភាពនៅ ៧.៤ ភាគរយ ដូចគ្នានឹងត្រីមាសមុន។ ឥណទានសំណង់បានកត់ត្រាការមិនបានសងខ្ពស់បំផុត ១១.២ ភាគរយ ខណៈដែលតាមតំបន់ កម្រិតខ្ពស់បំផុតត្រូវបានគេសង្កេតឃើញនៅទន្លេសាបនៅ ៩.៥ ភាគរយ តំបន់ខ្ពង់រាបនៅ ៩.៤ ភាគរយ តំបន់ឆ្នេរសមុទ្រនៅ ៨.៦ ភាគរយ និងតំបន់វាលទំនាបនៅ ៦.៦ ភាគរយ។
CBC ក៏បានរាយការណ៍ផងដែរថា អតិថិជន ៦៩.៨ ភាគរយរក្សាទំនាក់ទំនងឥណទានជាមួយស្ថាប័នហិរញ្ញវត្ថុតែមួយ ហើយ ៥៥.៥ ភាគរយមានគណនីប្រាក់កម្ចីសកម្មតែមួយប៉ុណ្ណោះ។ អ្នកខ្ចីប្រហែល ៣០.៥ ភាគរយមានគណនីពីរ ១០.៤ ភាគរយមានបី និងមានតែ ៣.៥ ភាគរយប៉ុណ្ណោះដែលមានគណនីច្រើនជាងបី។
លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិនៃ CBC បានមានប្រសាសន៍ថា “តម្រូវការឥណទានអាជីវកម្មខ្នាតតូចបានកើនឡើងនៅក្នុងត្រីមាសនេះបើនិយាយពីការដាក់ពាក្យស្នើសុំ ហើយយើងបានឃើញចំនួននៃការដាក់ពាក្យស្នើសុំកើនឡើងបើប្រៀបធៀបទៅនឹងត្រីមាសទី២នៃឆ្នាំ២០២៥”។ «ដំណើរការឥណទានអាជីវកម្មខ្នាតតូចបានធ្លាក់ចុះ ០,៦ ភាគរយនៃចំនួនគណនីប្រាក់កម្ចី ខណៈដែលសមតុល្យប្រាក់កម្ចីបានកើនឡើង ១,៨ ភាគរយ។ គុណភាពប្រាក់កម្ចីនៅតែមានស្ថិរភាព ៧,៤ ភាគរយសម្រាប់សមាមាត្រ DPD ៩០+»។
CBC បានបន្ថែមថា ខណៈដែលវិស័យមួយចំនួន ដូចជាកសិកម្ម និងសំណង់ បន្តងើបឡើងវិញយឺតជាង ការអនុវត្តប្រាក់កម្ចីទាំងមូលនៅតែរឹងមាំ ដែលឆ្លុះបញ្ចាំងពីភាពធន់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការគាំទ្រជាបន្តបន្ទាប់របស់ស្ថាប័នហិរញ្ញវត្ថុចំពោះកំណើនអាជីវកម្មខ្នាតតូច។
ប្រភព: https://www.khmertimeskh.com