ទូរស័ព្ទមក:(+855) 23 977 778
ពន្ធលើចំណេញមូលធន២០ភាគរយ នឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០២៦តទៅ

សារព័ត៌មានថ្មីថ្មី៖ ពន្ធលើចំណេញមូលធន២០ភាគរយចំពោះទ្រព្យទាំង ៦ ប្រភេទ រួមមាន ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។ នេះបើតាមសេចក្តីជូនដំណឹងអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៣០ ខែតុលានេះ។​

មែនទែនទៅរដ្ឋាភិបាលមានផែនការអនុវត្តពន្ធលើចំណេញមូលធន២០ភាគរយនេះ តាំងពីឆ្នាំ២០២១មកម្លេះ។ ក៏ប៉ុន្តែ​ដោយសារតែបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ច រួមបញ្ហានានាក្នុងនិងក្រៅបរទេស ទើបរដ្ឋាភិបាលសម្រេចពន្យារពេលអនុវត្តពន្ធនេះជាបន្តបន្ទាប់រហូតដល់ដំណាច់ឆ្នាំ២០២៥។  តែយ៉ាងណាមិញបើគ្មានអ្វីប្រែប្រួលទេ ពន្ធនេះគឺនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។​

បើតាមលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ការយកពន្ធលើចំណេញមូលធន២០ភាគរយពីម្ចាស់ទ្រព្យទាំង ៦ ប្រភេទ ( ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ) គឺធ្វើឡើងបន្ទាប់ពីរដ្ឋអនុញ្ញាតឱ្យកាត់កង៨០ភាគរយ នៃប្រាក់ចំណេញសរុប។ កន្លងមកលោកបានលើកឧទាហរណ៍មកពន្យល់សាធារណជនយ៉ាងដូច្នេះ៖ «ឥឡូវយើងលក់[អចលនទ្រព្យ]បាន១លាន[ដុល្លារ] ហើយតាមច្បាប់​និងបទបញ្ញាត្តិត្រូវកាត់កង៨០ម៉ឺនដុល្លារចេញ។ លុយដែលនៅសល់២០ ម៉ឺនដុល្លារនេះ យើងយកគុណនឹង២០ភាគរយ គឺវាស្មើនឹង៤ម៉ឺន[ដុល្លារ]។ អ៊ីចឹង! ១លានដុល្លារ​ដែលបានពីការលក់អចលនទ្រព្យ គឺម្ចាស់បង់៤ម៉ឺនដុល្លារ»។​ 

ចំពោះពលរដ្ឋដែលលក់ទ្រព្យទាំង៦របស់ខ្លួនខាត ឬបានត្រឹមតែរួចខ្លួនទេ គឺមិនជាប់ពន្ធលើចំណេញមូលធននេះឡើយ។ លោក គង់ វិបុល បាន​សង្កត់ធ្ងន់ថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ គឺវា​នឹងផ្តល់​អត្ថប្រយោជន៍សម្រាប់​ប្រជាពលរដ្ឋ​ក្រក្រី រួមទាំង​ការអភិវឌ្ឍ​ជនបទ កសាង​មន្ទីរពេទ្យ សាលារៀន ផ្លូវ អណ្ដូងទឹក និង​ស្រះ​ទឹកជា​ដើម​៕