(RFI): មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឱ្យដឹងតាមរយៈការព្យាកររបស់ខ្លួន កាលពីពាក់កណ្តាលខែមេសា ថា កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៦នេះនឹងមានកំណើន ៤%។ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ព្យាករយ៉ាងដូច្នេះ ដោយយោងទៅលើកត្តាមួយចំនួនដូចជា ផលប៉ះពាល់ដោយសារជម្លោះនៅមជ្ឈិមបូព៌ា រួមទាំងការកើនឡើងនៃតម្លៃប្រេងសាំង ភាពតានតឹងពាណិជ្ជកម្ម និងភាពមិនប្រាកដប្រជា ខាងភូមិសាស្ត្រនយោបាយជាដើម។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទទី២០មេសានេះថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាអាចនឹងរងផលប៉ះពាល់តិចតួច ព្រោះថា តម្លៃប្រេងឡើងថ្លៃអាចជំរុញឱ្យការចំណាយផ្សេងៗកើនឡើង និងបង្កើតជាអតិផរណា។ អ្នកនាំពាក្យរូបនេះដដែល បានបន្ថែមថា រដ្ឋាភិបាលកម្ពុជានឹងបន្តយកចិត្តទុកដាក់ទៅលើជីវភាពប្រជាពលរដ្ឋ ដូចដែលរដ្ឋាភិបាលធ្លាប់បានធ្វើកន្លងមក ដូចជាការអនុគ្រោះពន្ធលើប្រេងឥន្ធនៈជាដើម។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ធ្លាប់បានព្យាករដែរថា សេដ្ឋកិច្ចកម្ពុជានឹងមានអត្រាកំណើន ៤.៥% ក្នុងឆ្នាំ២០២៦ ប្រសិនបើ ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា ដែលរំខានដល់ទីផ្សារទំនិញសកល មិនត្រូវអូសបន្លាយយូរ៕
ប្រភព: https://www.Rfi.rf