ទូរស័ព្ទមក:(+855) 23 977 778
យុទ្ធនាការ«១ម៉ឺនរៀល ១ម៉ឺននាក់»ទទួលបានថវិកាជិត៦,៤លានដុល្លារ

សារព័ត៌មានថ្មីថ្មី៖ រយៈពេល១ខែពេញ នៃយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» មូលនិធិគន្ធបុប្ផា កម្ពុជា ទទួលបានថវិកាបរិច្ចាគប្រមាណ ៦ ៣៨២ ០០០ ដុល្លារ ពីសប្បុរសជនសរុបជាង ៣៥ម៉ឺននាក់។ លោកស្រី ពេជ ចន្ទមុន្នី ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បាន​បង្ហាញតួលេខនេះ តាមរយៈទំព័រហ្វេសប៊ុក។ 

ក្នុងនាមជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី បានអរគុណ ចំពោះទឹកចិត្តរបស់​​​​​​​​​​​​​​សប្បុរសជន ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​«១ម៉ឺនរៀល ១ម៉ឺន​នាក់»  ដើម្បីជួយសង្រ្គោះកុមារកម្ពុជា។ លោកស្រី ពេជ ចន្ទមុន្នី ក៏បានអំពាវនាវឱ្យ សប្បុរស​ជននានា បន្តបរិច្ចាគថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា ទោះជាយុទ្ធនាការនេះ ​បិទបញ្ចប់ក៏ដោយ។

លោកស្រី ពេជ ចន្ទមុន្នី បានរៀបរាប់ដូច្នេះ៖«មូលនិធិគន្ធបុប្ផាកម្ពុជា នៅតែត្រូវការ ការចូល​រួមបរិច្ចាគពីពុកម៉ែ បងប្អូន និងព្រះសង្ឃគ្រប់ព្រះអង្គ ដើម្បីឱ្យមន្ទីរពេទ្យគន្ធបុប្ផា​អាចនៅ​បន្តបេសកកម្ម នាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា»។ 

សូមជម្រាបថា កាលពីឆ្នាំ២០២៥ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ទទួលបានថវិកា បរិច្ចាគ​ចំនួន ៥,៥លានដុល្លារ ពីសប្បុរសជនប្រមាណ៣០ម៉ឺននាក់។ ក្នុងមួយឆ្នាំៗមន្ទីរ ពេទ្យគន្ធបុប្ផា ត្រូវចំណាយថវិកាប្រមាណ៤៣លានដុល្លារ ក្នុងបេសកកម្មសង្គ្រោះជីវិត ទារក កុមារ និងស្រ្តីមានផ្ទៃពោះ។ ដើម្បីធានានូវនិរន្តរភាព ក្នុងការជួយសង្គ្រោះជីវិតទារក​និងកុមារកម្ពុជា គឺទាមទារចំបាច់ការចូលរួមបរិច្ចាគពីសប្បុរជនគ្រប់រូប។

ចាប់តាំងពីដំណើរការឡើងវិញនៅឆ្នាំ១៩៩២ មកទល់ដើមឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផា ពិនិត្យ និងព្យាបាលផ្នែកពិគ្រោះជំងឺក្រៅដល់កុមារ និងស្រ្តីមានផ្ទៃពោះ បានប្រមាណ ២៣​លាននាក់ ទទួលព្យាបាលកុមារដែលកើតជំងឺធ្ងន់ធ្ងរបានប្រមាណ២,៨លាននាក់ និង​សម្រាលកូនជូនស្រ្តីមានផ្ទៃពោះ បានប្រមាណ ៤១ម៉ឺននាក់ ដោយឥតគិតថ្លៃ៕ 

ប្រភព: https://thmeythmey.com