ទូរស័ព្ទមក:(+855) 23 977 778
រដ្ឋចាប់ដៃជាមួយវិស័យឯកជន ត្រៀមកញ្ចប់ថវិកាពិសេសផ្តល់កម្ចីឥណទានដល់សហគមន៍ កសិកម្មទំនើប

សារព័ត៌មានកម្ពុជាថ្មី៖ លោក ឃឹម​ ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួង កសិកម្ម បាន​គូស​បញ្ជាក់​ឱ្យ​ដឹង​ថា ធនាគារ​ចំនួន​២ បាន​និង​កំពុង​រួមគ្នា​ជាមួយ​ក្រសួង​កសិកម្ម ដើម្បី​ត្រៀម​កញ្ចប់​ថវិកា​ពិសេស​ផ្តល់កម្ចីឥណទានការប្រាក់ទាប​​​​​​​​​​​​ ដល់​សហគមន៍កសិកម្មទំនើប​។

នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវ​ការ លោក ឃឹម ហ្វីណង់ បាន​លើក​ឡើង​ថា ធនាគារ ARDB និង​ធនាគារ FTB រួមគ្នា​ជាមួយក្រសួងកសិកម្ម ដើម្បី​ត្រៀមកញ្ចប់​ថវិកាពិសេស​សម្រាប់​​ផ្តល់​កម្ចី​ឥណទាន​​​​​​​​​​​ការប្រាក់ទាប​ដល់​សហគមន៍កសិកម្មទំនើប​ ដោយ​មានការ​ធានាឥណទានពី CGCC

លោក​បាន​គូស​បញ្ជាក់​ថា កិច្ចព្រមព្រៀងដ៏មានអត្ថន័យនេះ​ត្រូវបានរៀបចំ​ឡើង​តាមរយៈ​អនុស្សរណៈ​នៃការ​យោគ​យល់គ្នា(MoU) ក្រោម​អធិបតីភាពលោក​រដ្ឋមន្ត្រី ឌិត ទីណា កាលពីថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​។

យ៉ាង​ណា តាម​រយៈ​ការ​ផ្តល់​នូវ​កម្ចី​ឥណទាន​នេះ​នឹងជួយ​បង្កើន​ល្បឿនដល់​ការពង្រីក​វិសាលភាព​​នៃ​ការអនុវត្ត​កម្មវិធីគោលនយោបាយ​អាទិភាព និង​បើកផ្លូវ​ឱ្យ​សហគមន៍​កសិកម្មទំនើប​អាចមាន​ទុន​គ្រប់គ្រាន់​ក្នុងការគាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ខ្លួន​បានពេញលេញ។

អ្នក​នាំ​ពាក្យ​រូប​នេះ បន្ថែមថា តាមផែនការគ្រោងទុក យើងនឹង​ត្រូវការទុនក្រោម​រូបភាពជាកម្ចីការ​ប្រាក់ទាប​យ៉ាង​ហោច​ណាស់ ៥០ លានដុល្លារ នៅក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ដើម្បីគាំទ្រ​ដល់កម្មវិធី​គោលនយោបាយ​អាទិភាព​នៃ​សហគមន៍​កសិកម្ម​ទំនើប ហើយ​រហូតមក​ដល់ពេលនេះ មានធនាគារដៃគូចំនួន ៣ រួចហើយ ដែលកំពុង​គាំទ្រ​ដល់​សហគមន៍កសិកម្ម​ទំនើប​ ស្របពេលដែលធនាគារឯកជនចំនួន ២ ផ្សេងទៀត កំពុងស្ថិត​នៅក្នុង​ដំណាក់​កាលរៀបចំគាំទ្របន្ថែមទៀតផងដែរ៕