ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃប្រជាប្រិយភាពនៃការទូទាត់តាមប្រព័ន្ធឌីជីថល ធនាគារជាតិនៃកម្ពុជា បានអំពាវនាវឱ្យធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងសេវាកម្មទូទាត់ទាំងអស់ ពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអ៊ីនធឺណិត និងពង្រឹងយន្តការគាំទ្រអតិថិជនសម្រាប់ការដោះស្រាយការក្លែងបន្លំការទូទាត់តាមប្រព័ន្ធឌីជីថល។ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានធ្វើការអំពាវនាវនេះ ក្នុងពិធីបើកការត្រួតពិនិត្យស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២៣ កាលពីថ្ងៃចន្ទ។
ទិដ្ឋភាពនៃការទូទាត់តាមប្រព័ន្ធឌីជីថលរបស់ប្រទេសកម្ពុជាបានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាក៏ដោយ ការរីកចម្រើនយ៉ាងឆាប់រហ័សនេះ ត្រូវការវិធានការសន្តិសុខដ៏រឹងមាំដើម្បីការពារទាំងស្ថាប័នហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់។
លោកជំទាវទេសាភិបាល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយកង្វល់របស់អតិថិជនទាក់ទងនឹងការក្លែងបន្លំការទូទាត់តាមប្រព័ន្ធឌីជីថល ដោយជំរុញឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្តល់ដំណោះស្រាយដល់អតិថិជនទាន់ពេលវេលាប្រកបដោយយុត្តិធម៌។ លោកជំទាវក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់អតិថិជនប្រកបដោយការទទួលខុសត្រូវ និងជៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះនៃគម្រោងបោកប្រាស់ហិរញ្ញវត្ថុ។
លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា “ថ្មីៗនេះ យើងបានកត់សម្គាល់ឃើញថាមានការក្លែងបន្លំហិរញ្ញវត្ថុជាច្រើននៅក្នុងប្រព័ន្ធទូទាត់ឌីជីថល ដូច្នេះធនាគារ និងស្ថាប័នហិរញ្ញវត្ថុគួរតែបន្តយកចិត្តទុកដាក់ចំពោះកង្វល់ដែលបានលើកឡើងនេះ”។
យុវជនមួយចំនួនធំ រួមចំណែកក្នុងការរីកចម្រើនយ៉ាងឆាប់រហ័សនៃស្មាតហ្វូន និងការប្រើប្រាស់អ៊ីនធឺណែត ដែលបានប្រែក្លាយកម្ពុជាពីការពឹងផ្អែកខ្លាំងលើប្រតិបត្តិការដោយប្រើក្រដាស់ប្រាក់ ឆ្ពោះទៅរកសេដ្ឋកិច្ចដែលមិនប្រើក្រដាស់ប្រាក់។
ចំនួនប្រតិបត្តិការទូទាត់ឌីជីថលសរុបបានកើនឡើង ៥៩,៨ ភាគរយ ដល់ ១,៨ ពាន់លានប្រតិបត្តិការក្នុងឆ្នាំ២០២៣។
ពាក់ព័ន្ធនឹងទំហំ ចំនួនទឹកប្រាក់សរុបនៃការទូទាត់តាមឌីជីថល មានចំនួន ៤៩១,៨ ពាន់លានដុល្លារ កើនឡើង ២៤,២ ភាគរយ ស្មើនឹងជិត ១២ ដងនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេស។
លោក រ័ត្ន សោភ័ណ្ឌ ប្រធានសមាគមធនាគារនៅកម្ពុជា និងជានាយកប្រតិបត្តិនៃធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ី មានប្រសាសន៍ថា សមាគមធនាគារនៅកម្ពុជា ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា ដែលផ្តល់ការគាំទ្រដល់ការពង្រឹងសន្តិសុខនៃការទូទាត់តាមប្រព័ន្ធឌីជីថល។
លោកបានមានប្រសាសន៍ថា “យើងប្តេជ្ញាធ្វើការសហការជាមួយសមាជិកដើម្បីចែករំលែកឧត្តម្មានុវត្ត ជំរុញការផ្លាស់ប្តូរព័ត៌មានទាក់ទងនឹងការគំរាមកំហែងតាមអ៊ីនធឺណិត និងសម្របសម្រួលការឆ្លើយតបចំពោះការវាយប្រហារទ្រង់ទ្រាយធំ” ។
លោក សោភ័ណ្ឌ បានមានប្រសាសន៍ថា យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈស្តីពីចំណេះដឹងផ្នែកហិរញ្ញវត្ថុក៏ស្ថិតក្នុងរបៀបវារៈដែលសមាជិក សមាគមធនាគារនៅកម្ពុជា សហការរួមគ្នាក្នុងការបង្កើនការអប់រំដល់សាធារណៈជន អំពីការអនុវត្តផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ។