ទូរស័ព្ទមក:(+855) 23 977 778
ទុនបំរុងអន្តរជាតិរបស់កម្ពុជា ឆ្នាំ២០២៥ កើនឡើងដល់ជាង ២៧ពាន់លានដុល្លារ ដែលត្រូវបានចាត់ទុកថាជាកម្រិតខ្ពស់សមស្រប (Video inside)

សារព័ត៌មានភ្នំពេញប៉ុសិ៍៖ ទុនបំរុងអន្តរជាតិរបស់កម្ពុជា ឆ្នាំ២០២៥ បានកើនឡើងជាង ២៧.៥ពាន់លានដុល្លារ ​ដែលធានាដល់ការនាំចូលទំនិញ និងសេវាប្រមាណ៨ខែសម្រាប់គ្រាបន្ទាប់ ដែលត្រូវបាន​បន្តចាត់ទុកថាកម្រិតខ្ពស់សមស្រប។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនេះកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ថា ទុនបំរុងអន្តរជាតិរបស់កម្ពុជា ដែលធានាដល់ការនាំចូល​​​​​​ទំនិញ និងសេវាប្រមាណ ៨ខែនេះ បានបង្ហាញការរាជរដ្ឋាភិបាល​​​​​​​​កម្ពុជា មានសុខុមាលភាពផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ ក្នុងការធានាការទិញទំនិញ ឬទូទាត់ទំនិញអន្តរជាតិ។ លើសពីនេះ ក៏ផ្តល់នូវទំនុកចិត្តដល់វិនិយោគិន ទាំងឡាយដែលកំពុងប្រតិបត្តិការអាជីវកម្មទាំងនាំចេញ និងនាំចូលនៅកម្ពុជាផងដែរ។

លោកបានពន្យល់យ៉ាងដូច្នេះថា «បើសិនជាយើងមិនមានថវិកាគ្រប់គ្រាន់ក្នុងការទូទាត់ ជាអន្តរជាតិ នោះបង្ហាញពីចំណុចធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ជាតិ។ នេះជាប្រាក់បំរុងរបស់ជាតិដ៏សំខាន់ ដែលផ្តល់អត្ថប្រយោជន៍ជាពិសេស ហើយកាលណាបើសិនជាយើងមិនមានថវិកាគ្រប់គ្រាន់ក្នុងការបង្វិល ឬធានាទៅកា​នាំចូលនាំចេញទំនិញ នោះយើងមិនអាចទៅបង្ហាញអំពីសមត្ថភាព បង្ហាញអំពីកម្លាំងហិរញ្ញវត្ថុរបស់ខ្លួនបានទេ ហើយជនបរទេសគេក៏មិនមានទំនុកចិត្តមកលើរាជរដ្ឋាភិបាលយើងទេ អីចឹងអ្វីដែលរដ្ឋាភិបាលយើងបំរុងការទូទាត់ផ្សេងៗ គឺដើរតួនាទីសំខាន់ណាស់សម្រាប់ប្រទេសជាតិ ដែលចាំបាច់រក្សាក្នុងរង្វង់រយៈពេល៨ខែ ឬលើសពីនេះ»

បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ គឺសំដៅលើទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា៖ ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា កម្រិតគ្រប់គ្រាន់អប្បបរមានៃទុនបម្រុងអន្តរជាតិ ដែលគួរមាន ៣ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាបន្ទាប់។ មូលហេតុដែល IMF និយមធ្វើការប្រៀបធៀបទុនបម្រុងអន្តរជាតិ ទៅនឹងការនាំចូលដោយសារតែការនាំចូល ជាតម្រូវការលើទំនិញ និងសេវាបរទេស ដែលប្រទេសមួយចាំបាច់ត្រូវការ ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ បន្ថែមលើការផលិតក្នុងស្រុក។

​តាមទិន្នន័យរបស់ធនាគារជាតិ ក្នុងឆ្នាំ២០២០ ​ទុនបម្រុងអន្តរជាតិកម្ពុជា មានជាង ២១​ពាន់លានដុល្លារ ដែល​អាចធានាដល់ការនាំចូលបានរហូតដល់ ១៣.៤ ខែ។ ​ប៉ុន្តែនៅក្នុងឆ្នាំ២០២១ ទុនបម្រុងអន្តរជាតិរបស់កម្ពុជា បានថយចុះមកនៅត្រឹម ២០ពាន់លានដុល្លារ​វិញ ដោយសារកម្ពុជា​ និងពិភពលោក​ រងផលប៉ះពាល់ពីជំងឺឆ្លងរាលកូវីដ-១៩។ ក្នុងឆ្នាំ ២០២២ ទុនបម្រុងអន្តរជាតិនេះ បន្តធ្លាក់​ចុះបន្ថែមទៀត មកត្រឹមជាង១៧​ពាន់លានដុល្លារ។ ​មកដល់ឆ្នាំ២០២៣ ទុនបម្រុនអន្តរជាតិកម្ពុជាងើបឡើងវិញ ក្នុងចំនួន ជាង១៩ពាន់ លានដុល្លារ អាចធានាលើការនាំចូលបាន ៨.២ខែ។ ​នៅឆ្នាំ២០២៤ ចំនួនទុនបម្រុនអន្តរជាតិកើនដល់ជាង២២​ លានដុល្លារ អាចធានាការនាំចូល​បាន ៧.៩ខែ៕

ប្រភព: https://www.postkhmer.com