ទូរស័ព្ទមក:(+855) 23 977 778
រដ្ឋ បន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិកាន់កាប់អចលនទ្រព្យដល់ដាច់ឆ្នាំ ២០២៦

សារព័ត៌មានថ្មីថ្មី៖​ ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​​ប្រកាស​បន្ត​លើកលែង​ និង​អនុគ្រោះ​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ ​ឬសិទ្ធិ​កាន់​កាប់​អចលនទ្រព្យ (លំនៅឋាន ឬ​អគារ​សហកម្មសិទ្ធិ) ​ដែល​មាន​តម្លៃ​ក្រោម ​ឬស្មើ ឬលើស ៧ ម៉ឺនដុល្លារ និង ២១ ម៉ឺនដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៦។​ ​រដ្ឋសម្រេចបែបនេះ គឺដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលទិញលំនៅដ្ឋានពីក្រុមហ៊ុនអភិវឌ្ឍន៍នានា។​

​​​​​​​​​​បើតាមសេចក្តី​​​​​​​​​ជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច ​​​​​​​​​​​​​ដែលចុះនៅថ្ងៃទី១៦ ខែមករា ​​​​​​​​​​​ការលើកលែង​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យនេះ គឺទាំងសម្រាប់អ្នកទិញលំនៅឋាន និង/ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) រួមទាំងបុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬ ខុនដូ ក្នុងឆ្នាំ២០២៦។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ការលើកលែងនិងការអនុគ្រោះពន្ធប្រថាប់ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យនេះ គឺ​ពុំមានអានុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំង ទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ដែលបានបង់រួចហើយនោះទេ។

អចលនទ្រព្យ ជាអនុវិស័យមួយនៅកម្ពុជា​ដែលបន្តងើបវិញយឺតនៅក្នុងឆ្នាំ២០២៦។ បើតាមការវាយតម្លៃរបស់ក្រសួងសេដ្ឋកិច្ច នៅក្នុងអនុវិស័យនេះ ចរន្តទិញ-លក់ ដែលសកម្មនោះ គឺលំនៅឋានថ្លៃសមរម្យ សកម្មភាពទិញ-លក់/ជួលឃ្លាំង និងរោងចក្រ បម្រើឱ្យវិស័យឧស្សាហកម្ម៕