ទូរស័ព្ទមក:(+855) 23 977 778
រដ្ឋ ប្រកាសលក់មូលបត្របំណុលក្នុងទំហំទឹកប្រាក់ ២លានលានរៀល ក្នុងឆ្នាំ២០២៦

សារព័ត៌មានខ្មែរថែមស៍៖ សម្រាប់ឆ្នាំ២០២៦​ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបោះផ្សាយលក់មូលបត្ររដ្ឋ (សញ្ញាប័ណ្ណ/ប័ណ្ណបំណុល) ក្នុងទំហំ ២ ១១៤ ០០០ លានរៀល (ប្រមាណ៥០០លានដុល្លារអាម៉េរិក)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី៩ ខែមករា ដែលការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងត្រូវធ្វើឡើងតាមរយៈការដេញថ្លៃនៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia Platform - NBCP)

ការបោះផ្សាយលក់មូលបត្ររដ្ឋនេះ ​​​​​​​​​​​​​​​​​​​​​​​​គឺមានតាមប្រភេទឥណប្រតិទាន៖ ១ឆ្នាំ, ២ឆ្នាំ, ៣ឆ្នាំ, ៥ឆ្នាំ, ១០ឆ្នាំ, និង ១៥ឆ្នាំ ដែលមានរូបិយប័ណ្ណ ជារៀល និងដុល្លារអាម៉េរិក។​ តម្លៃចារឹកក្នុងមួយប័ណ្ណ មានទំហំ១ ០០០ ០០០ រៀល និង ១ ០០០ ដុល្លារអាម៉េរិក ជាមួយអត្រាគូប៉ុងថេរ។​ ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា​ ការទូទាត់គូប៉ុងនៃប័ណ្ណបំណុលរដ្ឋនេះ ត្រូវធ្វើឡើងរាល់៦ ខែម្តង ដោយគិតចាប់ពីថ្ងៃបោះផ្សាយ។ 

ក្រសួងសេដ្ឋកិច្ច​បន្តរៀបរាប់យ៉ាងលម្អិតថា ប្រភេទមូលបត្រដែលមានឥណប្រតិទាន ១ឆ្នាំ គឺរដ្ឋគ្រោងបោះផ្សាយក្នុងទំហំ ២១០-៣០០ប៊ីលានរៀល, ឥណប្រតិទាន ២ឆ្នាំ រដ្ឋគ្រោងបោះផ្សាយក្នុងទំហំ ៤២០-៦០០ប៊ីលានរៀល។ 

សម្រាប់ប្រភេទឥណប្រតិទាន ៣ឆ្នាំ រដ្ឋគ្រោងបោះផ្សាយក្នុងទំហំ ៨៥០-១ ០០០ប៊ីលានរៀល និងប្រភេទឥណប្រតិទាន ៥ឆ្នាំ ១០ឆ្នាំ​ និង១៥ឆ្នាំ រដ្ឋគ្រោងបោះផ្សាយក្នុងទំហំ ៨៥០-១ ០០០ប៊ីលានរៀល។

គួរជម្រាបថា ឆ្នាំ២០២៦នេះ គឺជាឆ្នាំទី៥ហើយដែលរដ្ឋាភិបាលសម្រេចកៀរគរប្រភពហិរញ្ញវត្ថុពីវិយោគិនក្នុងប្រទេសតាមការបោះផ្សាយមូលបត្ររដ្ឋ​។ ដោយក្នុងនោះ រដ្ឋាភិបាលទឹកចិត្តលើការលើកលែងពន្ធប្រាក់ចំណូលបានពីការវិនិយោគលើមូលបត្ររដ្ឋគ្រប់ប្រភេទឥណប្រតិទាន ដែលបានបោះផ្សាយក្នុងឆ្នាំ២០២៦។  រដ្ឋក៏បានកាត់បន្ថយពន្ធកាត់ទុក៥០ភាគរយ​លើការប្រាក់ដែលបានការកាន់កាប់ និង/ឬ ការទិញ-លក់មូលបត្ររដ្ឋ រួមទាំងលើកលែងពន្ធចំណេញមូលធនចំពោះការទិញ និងជួញដូរមូលបត្ររដ្ឋនេះ។​

ក្រសួងសេដ្ឋកិច្ច ប្រកាសបោះផ្សាយមូលបត្ររដ្ឋលើកដំបូងក្នុងឆ្នាំ២០២២ ដែលមានទំហំ៣០០លានដុល្លារ, ឆ្នាំ២០២៣ ក្នុងទំហំ២០០លានដុល្លារ, ឆ្នាំ២០២៤ ក្នុងទំហំ១០០លានដុល្លារ និងឆ្នាំ២០២៥ មានទំហំ១២០លានដុល្លារ៕

ប្រភព: https://thmeythmey.com