ទូរស័ព្ទមក:(+855) 23 977 778
វិស័យធនាគារកត់ត្រាកំណើនមធ្យមនៅឆ្នាំ ២០២៥

សារព័ត៌មានខ្មែរថាម៖ ធនាគារជាតិនៃកម្ពុជា (NBC) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបង្ហាញថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរក្សាកំណើនមធ្យមនៅឆ្នាំ ២០២៥ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ ទោះបីជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចក្នុងស្រុក និងក្រៅស្រុកក៏ដោយ។

របាយការណ៍នេះបានអោយដឹងទៀតថា ប្រាក់កម្ចីបានកើនឡើង ៤,១ ភាគរយធៀបនឹងឆ្នាំមុន ដល់ ៦៣ ពាន់លានដុល្លារ​​​​​​​​​​​​​​​នៅចុងឆ្នាំ ២០២៥ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង​​​​​​​​​​​​​​​ ១៤,៧ ភាគរយ ដល់ ៦៥,៧ ពាន់លានដុល្លារ។

របាយការណ៍នេះបានបញ្ជាក់ថា ប្រាក់កម្ចីមិនដំណើរការ (NPL) នៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុបានឈានដល់ ៨,៩ ភាគរយ។

ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាបានកើនឡើងដល់ ១០១,៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៥ កើនឡើង ៩,៥ ភាគរយពីឆ្នាំ ២០២៤។

លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធធនាគារបានបន្តរួមចំណែកដល់ការគាំទ្រសកម្មភាពសេដ្ឋកិច្ចកាលពីឆ្នាំមុន ទោះបីជាសេដ្ឋកិច្ចកំពុងប្រឈមនឹងបញ្ហាទាំងខាងក្រៅ និងក្នុងស្រុកក៏ដោយ។

លោកស្រីបានមានប្រសាសន៍នៅក្នុងសន្និបាតប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែមករាថា “ប្រាក់កម្ចីដែលផ្តល់ដោយធនាគារបានបន្តកើនឡើង ៤,១ ភាគរយ ខ្ពស់ជាងឆ្នាំ ២០២៤ ដែលគាំទ្រដោយតម្រូវការដើមទុនកើនឡើងពីសហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីពង្រីកអាជីវកម្មរបស់ពួកគេ”។

លោកស្រីបានបន្ថែមថាប្រាក់បញ្ញើក៏បានបន្តកើនឡើងផងដែរ ក្នុងអត្រា ១៤,៧ ភាគរយ រួមផ្សំជាមួយនឹងដើមទុនរឹងមាំ និងសន្ទនីយភាពខ្ពស់ បានបង្ហាញពីប្រព័ន្ធធនាគារដែលនៅតែមានភាពធន់ និងកំពុងរីកចម្រើន រួមផ្សំទាំងការជឿទុកចិត្តពីសាធារណជន”។

របាយការណ៍នេះបានបញ្ជាក់ថា កម្ពុជាមានធនាគារពាណិជ្ជកម្មចំនួន ៥៩ ស្ថាប័នមីក្រូហិរញ្ញវត្ថុចំនួន ៨៩ ធនាគារឯកទេសចំនួន ៤ និងស្ថាប័នឥណទានជនបទចំនួន ៨៩ នៅទូទាំងប្រទេស។

របាយការណ៍នេះបានឲ្យដឹងថា កម្ពុជាក៏បានចុះបញ្ជីគណនីកាបូបអេឡិចត្រូនិកចំនួន ១៨.៩ លានគណនីគិតត្រឹមឆ្នាំ២០២៥ ហើយប្រតិបត្តិការប្រព័ន្ធបាគងបានកើនដល់ ១.៣ ពាន់លានដង រួមទាំងប្រតិបត្តិការចំនួន ៧៧១ លានដងជាប្រាក់រៀល និង ៥៥៤ លានដងជាដុល្លារអាមេរិក។

សម្រាប់ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជាបានបញ្ជាក់ថា ខ្លួននឹងបន្តពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារតាមរយៈក្របខ័ណ្ឌច្បាប់ និងការត្រួតពិនិត្យផ្អែកលើហានិភ័យសម្រាប់ការរក្សាស្ថិរភាពហិរញ្ញវត្ថុ។

លើសពីនេះ ប្រព័ន្ធទូទាត់នឹងត្រូវបានធ្វើឲ្យប្រសើរឡើងជាប្រចាំ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជាដំណាក់កាលទី I

ក្រោមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រាលបន្ទុកយោធិន និងពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ធនាគារជាតិនៃកម្ពុជាបានណែនាំឲ្យស្ថាប័នធនាគារ និងហិរញ្ញវត្ថុរៀបចំប្រាក់កម្ចីឡើងវិញសម្រាប់អតិថិជនដែលរងផលប៉ះពាល់ពីការឈ្លានពានរបស់ថៃ។