សិក្ខាសាលាស្តីអំពីការប្រើប្រាស់សេវាកម្ម ប.ស.ស និងអត្ថប្រយោជន៍ ប.ស.ស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្ដល់ជូននិយោជិត ដែលបានធ្វើឡើងនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក៖

នាថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មន្ត្រីជំនាញផ្នែកបញ្ជិកា និងភាគទាននៃបេឡាជាតិរបបសន្តិសុខសង្គម បានអញ្ជើញរៀបចំសិក្ខាសាលាជូនដល់និយោជិតនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក។

សិក្ខាសាលានេះធ្វើឡើងដើម្បីជួយដល់និយោជិតឱ្យយល់កាន់តែច្បាស់អំពីការប្រើប្រាស់សេវាកម្មរបស់ ប.ស.ស និងអត្ថប្រយោជន៍ដែល ប.ស.ស ផ្ដល់ជូននិយោជិតទៅតាមប្រភេទកញ្ចប់អត្ថប្រយោជន៍រួមមាន៖ អត្ថប្រយោជន៍ផ្នែកហានិភ័យការងារ អត្ថប្រយោជន៍ផ្នែកថែទាំសុខភាព និងអត្ថប្រយោជន៍ផ្នែកប្រាក់សោធន។

សិក្ខាសាលានេះមានរយៈពេលបីម៉ោងនិងមានសិក្ខាកាមចូលរួមសរុបចំនួន១៧នាក់ ដោយទទួលបានលទ្ធផលវិជ្ជមានដល់និយោជិតទាំងអស់បានយល់កាន់តែច្បាស់អំពីសេវាកម្ម និងអត្ថប្រយោជន៍នៃការប្រើប្រាស់សេវាបេឡាជាតិរបបសន្តិសុខសង្គមជាតិ ពិសេសបានយល់ដឹងនូវគោលការណ៍ថ្មីផ្នែកប្រាក់សោធនដែលនឹងត្រូវចាប់ផ្ដើមអនុវត្តពីខែតុលា ឆ្នាំ២០២២ នេះតទៅ។

គណៈគ្រប់គ្រងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី ប៊ី ម.ក បានថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចាត់តាំងមន្ត្រីជំនាញផ្នែកបញ្ជិកា និងភាគទាននៃបេឡាជាតិរបបសន្តិសុខសង្គម ផ្តល់អង្គសិក្ខាសាលាតាមការស្នើសុំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជី បី ម.ក។ គណៈគ្រប់គ្រងក៏បានថ្លែងអំណរគុណដល់មន្ត្រីជំនាញទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក៏ដូចជាការឆ្លើយនូវគ្រប់សំណួរដែលសិក្ខាកាមបានសួរទាក់ទងទៅនឹងគោលការណ៍ទូទៅរបស់ ប.ស.ស ផងដែរ។

ជាមួយគ្នានេះផងដែរមន្ត្រីជំនាញ ប.ស.ស ក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ទឹកចិត្តសប្បាយរីករាយដែលបានធ្វើបទបង្ហាញជូនដល់សិក្ខាកាម ដោយបានឃើញបានលើកជាសំណួរយ៉ាងសកម្មដើម្បីឈ្វេងយល់ ក្នុងគោលបំណងអនុវត្តអោយមានប្រសិទ្ធភាពទៅថ្ងៃអនាគត។ សិក្ខាកាមអាចធ្វើការទំនាក់ទំនងសុំការពន្យល់បន្ថែមដោយផ្ទាល់តាមរយៈលេខទំនាក់ទំនងបន្ទាន់ ១២៨៦។ សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង១២:០០ថ្ងៃត្រង់នាថ្ងៃដដែលក្រោមបរិយាកាសសប្បាយរីករាយ និងបានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ផងដែរ។